(បាងកក)៖ ពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលធ្លាប់ស្ម័គ្រស្មោះជាមួយបក្សប្រឆាំងអស់ពេលរាប់សិបឆ្នាំនោះ បានភ្ញាក់ស្មារតីលះបង់គំនិតប្រឆាំងតាមការញុះញង់របស់គេ ហើយងាកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលវិញដែរ ក្រោយពីបានយល់ច្បាស់នូវគុណធម៌ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដោយមិនអាចប្រកែកបាន។

លោក ឱក រតនា ដែលជាអតីតសមាជិកបក្សប្រឆាំង បានរំឭកសាវតានយោបាយរបស់ខ្លួនថា លោកធ្លាប់ចូលជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ហើយធ្វើសកម្មភាពប្រឆាំងយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាច្រើនឆ្នាំមកហើយ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ គណបក្សប្រឆាំងទាំងនោះកាន់តែបាត់ម្ចាស់ការពិតប្រាកដលើការដឹកនាំ និងមិនគិតជួយដល់សមាជិករបស់ខ្លួន ជាហេតុនាំឱ្យលោកដែលជាសមាជិកស្មោះស្ម័គ្រម្នាក់ និងសមាជិកដទៃទៀតកាន់តែអស់ជំនឿទុកចិត្ត។

លោក ឱក រតនា ក៏បានបញ្ជាក់ពីភាពអសកម្មរបស់គណបក្សទាំងនោះ ដែលគិតតែកេងចំណេញនយោបាយ និងញុះញង់ឱ្យមានការប្រឆាំងជាមួយរាជរដ្ឋាភិបាល ប៉ុន្តែនៅពេលពលករខ្មែរមានទុក្ខលំបាកគឺមិនដែលចុះមកជួយ ឬយកចិត្តទុកដាក់ជាមួយពលករនោះឡើយ។

ទីបំផុត លោក ឱក រតនា និងសមាជិកដទៃទៀតក៏សម្រេចលះបង់គំនិតប្រឆាំង ហើយងាកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលវិញ ដោយហេតុថាក្រុមការងាររាជរដ្ឋាភិបាលតែង ចុះទៅជួយដោះស្រាយទុក្ខលំបាករបស់ពលករដល់ទីតាំងរស់នៅ គឺរឹតតែបង្កើនការជឿជាក់លើគណបក្សប្រជាជន។

ចំណុចពិសេសដែលបានបន្ទន់ចិត្តដាស់ស្មារតីឱ្យលោក រតនា លះបង់ការប្រឆាំងវិញនោះ គឺគុណធម៌ មនុស្សធម៌របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា នៅពេលមានការរាតត្បាតជំងឺកូវីដ១៩ មានតែសម្ដេចតេជោ ហ៊ុន​ សែន និងគណបក្សប្រជាជននេះតែមួយគត់ ដែលជាអ្នកស្រោចស្រង់ជីវិតរបស់ពួកគាត់ពីជំងឺកូវីដ១៩។

សមាជិកបក្សប្រជាជនថ្មីរូបនេះបានអះអាងថា ការចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺគ្មានការបង្ខិតបង្ខំគំរាមកំហែង ឬការទិញទឹកចិត្តនោះឡើយ ពោលគឺចូលរួមដោយស្ម័គ្រយ៉ាងពិតប្រាកដ និងជឿជាក់លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ពិសេសគាំទ្រនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកពេញចិត្តចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលប្រកាន់យកសន្តិភាព ស្ថិរភាព និងគិតគូរដល់ប្រជាជនជាធំ ខុសពីគណបក្សប្រឆាំងដែលចូលចិត្តប្រើនយោបាយញុះញង់ បំផ្លិចបំផ្លាញ បំបែកបំបាក់ ប្រជាភិថុតិបោកប្រាស់ប្រជាជន ដែលមិនបាននាំប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនឡើយ។

លោក ឱក រតនា និងពលករខ្មែរផ្សេងទៀតមិនត្រូវការបក្សប្រឆាំង មិនត្រូវការនយោបាយញុះញង់បំបែកបំបាក់សាមគ្គីជាតិរបស់បក្សប្រឆាំងទាំងនោះតទៅទៀតឡើយ ក៏រឹតតែមិនត្រូវការសង្គ្រាម ភាពវឹកវរដូចកាលពីអតីតកាល ទៀតនោះដែរ ដោយលោកមិនចង់ឱ្យប្រទេសកម្ពុជាធ្លាក់ទៅដល់ស្ថានភាពមហន្តរាយដូចនៅបណ្ដាប្រទេសមួយចំនួន ដូចជា ស៉ីរី លីប៊ី អាហ្វានីស្ថាន ស៊ូដង់ខាងត្បូង អ៊ុយក្រែនជាដើមនោះទេ។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកបក្សថ្មី​ ២៥៥នាក់ ដែលជាពលករខ្មែរនៅប្រទេសថៃ និងជាអតីតសមាជិកបក្សប្រឆាំង ព្រមទាំងចាត់ទុកការមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជននេះ គឺជាការបង្កើនកម្លាំងការពារសន្តិភាព និងគិតគូរពីជោគវាសនាកូនចៅជំនាន់ក្រោយ។

គួរជម្រាបថា គណបក្សប្រជាជនកម្ពុជាបានប្រកាសបញ្ចូលសមាជិកថ្មី ២៥៥នាក់បន្ថែមទៀត ដែលជាពលករខ្មែរនៅប្រទេសថៃ ខណៈអ្នកខ្លះក៏ធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនដែរ។ ពិធីនេះបានធ្វើឡើងនៅទីក្រុងបាងកក នាល្ងាចថ្ងៃទី២៨​ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកបណ្ឌិត អ៉ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាង និងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ៕