(សៀមរាប)៖ លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានចាត់លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៤ និង២៧ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ បានបណ្ដាលឱ្យប៉ះពាល់ឃុំចំនួន៨ ដោយរបើកដំបូលចំនួន ១៤៤ខ្នងផ្ទះ ស្មើ១៤៤គ្រួសារ។ ពិធីចែកអំណោយនេះបានធ្វើឡើងនៅវត្តក្របីរៀល ស្រុកជីក្រែង ខេត្តសៀមរាប។

ក្នុងឱកាសនោះដែរ លោក គុជ លីណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះ សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោក គុជ លីណា បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

លោកក៏បានធ្វើការក្រើនរំលឹក និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលមានខ្យល់ភ្លៀង ផ្គរន្ទះ ត្រូវរត់រកទីកន្លែងសុវត្ថិភាព និងយកចិត្តទុកដាក់ចំពោះកុមារតូចៗ និងបំបាត់ទីជម្រកសត្វមូស កុំឱ្យមានកើតជម្ងឺគ្រុនឈាម ដោយពេលនេះ រដូវវស្សាចូលមកដល់ហើយ ត្រូវរួតរះលើការងារបង្កបង្កើនផលឱ្យទាន់រដូវវស្សា និងត្រូវត្រៀមនូវរាល់ឯកសារគ្រប់គ្រាន់ អញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នាផងដែរ។

ជាមួយនេះដែរ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនរួមមាន៖ ក្នុង១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ប៊ីចេង១០កញ្ចប់តូច អំបិល១គីឡូក្រាម ស្កសរ១គីឡូក្រាម ទឹកត្រី១យួរ កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១០សន្លឹក និងថវិកា ១សែនរៀលផងដែរ៕