(ស្វាយរៀង)៖ លោក ម៉ឹង កុម្ភៈ អនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា តំណាងលោក ម៉ឹង សំផន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចន្ទ្រា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានបន្តចុះជួបសំណេះសំណាលជាមួយប្រធាន អនុប្រធានសាខាបក្សភូមិ និងនាំយកអំណោយរបស់សម្តេចតេជោហ៑ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៑ុន រ៉ានីហ៑ុន សែន ចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥គ្រួសារដល់ខ្នងផ្ទះ នៅក្នុងឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ពិធីនេះមានការចូលរួមពីក្រុមការងារនិង លោកប្រធានគណបក្សស្រុក សមាជិក សមាជិការគណបក្ស និងលោកលោកស្រីជាប្រធាន អនុប្រធានសាខាបក្សភូមិចំនួន ៧៥នាក់ផងដែរ។

នៅក្នុងឱកាសលោក ម៉ឹង កុម្ភៈ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោក ម៉ឹង សំផន ដែលជានិច្ចកាលលោកតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកចន្ទ្រា ហើយពលរដ្ឋដែលមានទុក្ខលំបាក លោកតែងតែចាត់ឱ្យក្រុមការងារចុះផ្ទាល់ដោះស្រាយបានទាន់ពេលវេលាផងដែរ។

លោក មុឹង កុម្ភៈ បានថ្លែងណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវគិតគូរអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យបានដិតដល់ និងធ្វើការឆ្លើយតបជាបន្ទាន់រាល់ការសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងករណីសេវាហួសពីសមត្ថភាពឆ្លើយតប ត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីពិភាក្សាដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋវិញ នៅតាមវេទិការសាធារណៈណាមួយឱ្យពួកគាត់បានជ្រាប និងអស់ចម្ងល់ផងដែរ។

បន្ថែមលើសពីនេះ លោក ម៉ឹង កុម្ភៈ ក៏បានជំរុញដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តនាំមកការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ។

ជាមួយគ្នានេះ លោកអនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ក៏បានអំពាវនាវឱ្យសមាជិក សមាជិកា គណបក្សទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែងជានិរន្ត ដើម្បីទទួលបានការអភិវឌ្ឍន៍រីកចម្រើន ជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា។

នៅក្នុងពិធីសំណេះសំណាលជាមួយប្រធាន អនុប្រធាន សាខាបក្សភូមិនៅឃុំព្រៃគគីរនេះដែរ លោកមេភូមិក៏បានឡើងរាយការណ៍អំពីការសំណូមពរ និងសេវាផ្សេងៗនៅមូលដ្ឋានមានដូចជា៖ បញ្ហាផ្លូវ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងលូរំដោះទឹកឱ្យមន្ត្រីដែលពាក់ព័ន្ធឡើងបកស្រាយ និងបានលើកយកការសំណូមពរផ្សេងៗនៅមូលដ្ឋាន ដាក់ជូនលោកប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ដើម្បីជ្រាបជាព័ត៍មាននិងធ្វើការដោះស្រាយផងដែរ។

សូមបញ្ជាក់ថា សមាជិក សមាជិការបស់គណបក្សប្រជាជនដែលបានចូលរួម លោក មុឹង កុម្ភៈ បាននាំយកអំណោយរបស់សម្តេចតេជោហ៑ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៑ុន រ៉ានីហ៑ុន សែន បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗចំនួន ២មុឺនរៀល និងប្រជាពលរដ្ឋក្រីក្រ១៥ គ្រួសារក្នុង១គ្រួសារ ទទួលបានអង្ករ៥០គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកស៊ីវអុីវ១យួរ ទឹកត្រី៤ដប ក្រមា១ និងថវិកា ២០,០០០រៀល។

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក៏បានថ្លែងអំណរគុណចំពោះលោក មុឹង សំផន ដែលបានគិតគូរអំពីសុខទុក្ខរបស់ពួកគាត់ហើយបាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់ពួកគាត់នៅពេលនេះ ហើយសូមប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នាផងដែរ៕