(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង ១,០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ និងបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង ១,០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត នៅភូមិដំបូកមានល័ក្ខ និងភូមិត្រពាំងអណ្តូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។ ពិធីនេះធ្វើឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។

ស្ថិតក្នុងឱកាសនេះ លោកអភិបាលខេត្តបានជំរុញអាជ្ញាធរស្រុកពញាឮ ត្រូវខិតខំយកចិត្តទុកដាក់បង្ក្រាបឱ្យបានគ្រប់បទល្មើសនានា និងរាល់ល្បែងស៊ីសងទាំងអស់ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវជៀសឱ្យបានកុំពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ។

ទន្ទឹមនឹងនោះផងដែរ លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រាល់បទល្មើសនានាដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅធ្វើយ៉ាងណាឱ្យភូមិ-ឃុំរបស់យើងគ្មានបទល្មើសកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។

ប្រជាពលរដ្ឋស្រុកពញាឮ បានសំដែងការត្រេកអរ និងអរគុណជាអនេកដល់លោកអភិបាលខេត្តដែលបានអភិវឌ្ឍន៍នៅតាមមូលដ្ឋានរបស់ពួកគាត់៕