(ភ្នំពេញ)៖ ប្រតិបត្តិករដោះមីនទាំងអស់ត្រូវបន្តបេសកកម្មចូលរួមជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងកិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការងារបោសសម្អាតមីន និងគ្រាប់ ទោះបីកម្ពុជាសម្រេចបានគោលដៅគ្មានមីនឆ្នាំ២០២៥ក៏ដោយ។ នេះជាការលើកឡើងរបស់ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្នុងនាមសម្តេចតេជោ ចុះពិនិត្យសកម្មភាពបោស សម្អាតមីនរបស់អង្គភាពស៊ីម៉ាក់​ និងជួបសំណេះសំណាលជាមួយជនពិការ និងអ្នកទទួលផង នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ក្រោមការគាំទ្រពី មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ទេសរដ្ឋមន្រ្តី បានបន្តទៀតថា សម្តេចតេជោ បានដាក់ចេញនូវគោលដៅបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ក្នុងឆ្នាំ២០២៥ និងបន្តដោះស្រាយរយៈពេលវែងនូវហានិភ័យសេសសល់ពីសំណល់ជាតិផ្ទុះពីសង្រ្គាមបន្ទាប់ ឆ្នាំ២០២៥ ដែលត្រូវការជាចាំបាច់នូវបទពិសោធន៍ ជំនាញ និងការលះបង់ខ្ពស់របស់បងប្អូនប្រតិបត្តិករដោះមីនរបស់យើង។

ក្នុងនាមប្រជាជនកម្ពុជា ទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណមិនអាចបំភ្លេចបានជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវសុខសន្តិភាព និងសុខក្សេមក្សាន្តដល់ជាតិមាតុភូមិកម្ពុជា ព្រមទាំងបានបង្កលក្ខណះងាយស្រួលឲ្យការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានប្រព្រឹត្តិដោយគ្មានភ័យខ្លាច និងទទួលបានលទ្ធផលគួរជាទីមោទនៈ។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី បានវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីអង្គភាពស៊ីម៉ាក់គ្រប់ជាន់ថ្នាក់ ដែលបានចូលរួមសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងក្នុងកិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចាប់តាំងពីឆ្នាំ១៩៩២។ ខេត្តកំពង់ធំ គឹជាខេត្តមួយទទួលបានផលប្រយោជន៍ពីការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងទំហំផ្ទៃដីជាង ៧៦ គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ៧២៤៩ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១០១គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ១៥៦.៧៦៣ នាក់ និងមានអ្នកទទួលផលជាង ១លាននាក់។

លោកបន្តទៀតថា ចាប់ពីឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវថវិកាដល់អង្គភាពស៊ីម៉ាក់សម្រាប់ការងារបោសសម្អាតមីននៅខេត្តកំពង់ធំ តាមរយៈអាជ្ញាធរមីន ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដើម្បីបញ្ចប់វត្តមានគ្រាប់មីនដែលបានដឹង និងប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៣នេះ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៣ ខេត្តកំពង់ធំ នៅសល់ផ្ទៃដីមានមីននិងគ្រាប់ប្រមាណជា ១២៨ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៣៥ គីឡូម៉ែត្រក្រឡា នឹងត្រូវបោសសម្អាតឲ្យអស់ក្នុងឆ្នាំ២០២៣នេះ៕