(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្ដិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៤ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៣ បានអំពាវនាវ៨ចំណុច ក្នុងការរួមចំណែកលើកកម្ពស់សិទ្ធិកុមារដើម្បីឲ្យពួកគេទទួលបានសិទ្ធិពេញលេញ ដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។

តាមរយៈលិខិត របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបលើកទី៧៤ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៣ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បាន​បញ្ជាក់យ៉ាងដូច្នេះថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ក្រុមការងារដើម្បីកុមារនៅតាមក្រសួង ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារថ្នាក់រាជធានី ខេត្ត គណៈកម្មការការពារកុមារថ្នាក់ជាតិ កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលជាតិអន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន គ្រួសារ និងសហគមន៍ រួមទាំងកុមារខ្លួនឯង ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់សិទ្ធិកុមារ ដើម្បីឲ្យពួកគេទទួលបានសិទ្ធិពេញលេញ ដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ»

សម្ដេចតេជោ បានបន្ថែមទៀតថា ក្នុងស្មារតីនេះ សូមធ្វើការអំពាវនាវដូចតទៅ៖

១៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារត្រូវបន្តការសម្របសម្រួលនិងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារកុមារ ជាអន្តរក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល ប្រកបដោយប្រសិទ្ធភាព
ជាពិសេស លើអនក្ខរកម្មបច្ចេកវិទ្យាពត៌មាននិងជំរុញលើកកម្ពស់ប្រជាជនកម្ពុជា ឲ្យក្លាយជាប្រជាជនឌីជីថលដែលមានសុវត្ថិភាព និងឧត្តមប្រយោជន៍។

២៖ ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយនិងបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបទសង្គម តាមរយៈការទូន្មាន ប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារនិងត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានលើកុមារគ្រប់រូបភាពតាមប្រព័ន្ធអនឡាញ ឲ្យបានសមស្របនិងទាន់ពេលវេលា។

៣៖ ក្រសួង ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ត្រូវយកចិត្តទុកដាក់ពិគ្រោះយោបល់ជាមួយកុមាររាល់ពេលកសាងច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានា
ដែលពាក់ព័ន្ធដល់ការរស់នៅ តម្រូវការ បញ្ហាប្រឈម និងការព្រួយបារម្ភរបស់ពួកគេ ជាពិសេស លើកកម្ពស់ការអនុវត្តសិទ្ធិចូលរួមរបស់កុមារឲ្យមានភាពទូលំទូលាយ។

៤៖ លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញនិងភាពជាពលរដ្ឋឌីជីថល និងពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារជនរងគ្រោះ ឲ្យមានប្រសិទ្ធភាព។

៥៖ ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាពិសេសចាត់វិធានការការពារកុមារពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារពីរបៀបការពារប្រឆាំងនឹងការរំលោភបំពាន ការបៀតបៀនផ្លូវភេទតាមគ្រប់រូបភាព ការសម្លុតគំរាមកំហែងគ្រប់បែបយ៉ាង និងត្រូវធ្វើឲ្យកុមារអាចយល់ដឹង អំពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬមនុស្សពេញវ័យដែលជាអ្នកថែទាំពួកគេ ចំពោះការលោភបំពានតាមគ្រប់រូបភាព។

៦៖ ក្រសួង ស្ថាប័ន ត្រូវបន្តអនុវត្តអនុសញ្ញាស្នូលនៃអង្គការអន្តរជាតិខាងការងារដើម្បីលុបបំបាត់គ្រប់ទម្រង់ នៃពលកម្មកុមារ ដោយលើកកម្ពស់ការយល់ដឹង បណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីការទប់ស្កាត់
ការប្រើប្រាស់ពលកម្មកុមារនៅគ្រប់សកម្មភាពសេដ្ឋកិច្ចនិងពង្រឹងវិធានការអធិការកិច្ចពលកម្មកុមារ ព្រមទាំងកៀរគរធនធាន និងចលនាសាធារណជន ក្នុងការស្វែងរកដំណោះស្រាយសមស្រប ដើម្បីជួយសង្គ្រោះពលកម្មកុមារ។

៧៖ គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងពលកម្មកុមារគ្រប់រូបភាព ជាពិសេស ពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឲ្យកុមារក្លាយជាជនរងគ្រោះ។

៨៖ បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងផ្តល់សេវាឆ្លើយតប ឲ្យបានសមស្របនិងទាន់ពេលវេលា ដើម្បីរួមចំណែកទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារ តាមប្រព័ន្ធអនឡាញ និងលុបបំបាត់ពលកម្មកុមារនៅកម្ពុជា៕