(កណ្ដាល)៖ កម្លាំងនគរបាលស្រុកអង្គស្នួល នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋាន នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យប្រុសស្រីទាំង៨នាក់ នោះរួមមាន៖ ទី១៖ឈ្មោះ ចាន់ វ៉ាន់សាក់ អាយុ២៦ឆ្នាំ (ជួញដូរ), ទី២៖ឈ្មោះ ស៊ន ឆានឈុន អាយុ២៣ឆ្នាំ (ជួញដូរ), ទី៣៖ឈ្មោះ លី យូឡុង អាយុ៣០ឆ្នាំ (ជួញដូរ), ទី៤៖ឈ្មោះ ឡឹម ម៉ៅ អាយុ៣៣ឆ្នាំ (ជួញដូរ), ទី៥៖ឈ្មោះ វ៉ន វ៉ាត់ធី ហៅវិន អាយុ២៩ឆ្នាំ (ជួញដូរ) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល១លេីក រយៈពេលឆ្នាំ៦ខែ បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន, ទី៦៖ឈ្មោះ សាត ស៊ីវលី ហៅស្រីលីន ភេទស្រី អាយុ២៣ឆ្នាំ (ជួញដូរ), ទី៧៖ឈ្មោះ មាស សំបូរ អាយុ២៣ឆ្នាំ (ប្រេីប្រាស់) និងទី៨៖ឈ្មោះ អ៊ុក ពិសិទ្ធ អាយុ១៩ឆ្នាំ (ប្រេីប្រាស់)។

វត្ថុតាងដកហូត ម្សៅក្រាមពណ៌សថ្លា សង្ស័យថាសារធាតុញៀន ចំនួន២កញ្ចប់, ម៉ូតូ៤គ្រឿង, អត្តសញ្ញាណប័ណ្ណ២សន្លឹក, ទូរស័ព្ទដៃ៧គ្រឿង, ឧបករណ៍ប្រេីប្រាស់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួន។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ចាន់ វ៉ាន់សាក់ ឆ្លេីយថា ថ្នាំញៀនម៉ាទឹកកក១កញ្ចប់ធំជារបស់ខ្លួន មានបងម្នាក់មិនស្គាល់ យកមកឲ្យខ្លួនទុកលក់បន្ត ឲ្យមុខសញ្ញានៅខេត្តកំពង់ឆ្នាំង និងចែកបក្ខពួកលក់បន្តខ្លះ និងប្រេីប្រាស់ខ្លះ។ ឈ្មោះ វ៉នវ៉ាត់ធី ឆ្លេីយថា ថ្នាំញៀនម៉ាទឹកកក១កញ្ចប់មធ្យមជារបស់ខ្លួន ទិញពីមុខសញ្ញាមិនស្គាល់ តម្លៃ១០ម៉ឺនរៀល ទុកប្រេីប្រាស់ខ្លះជាមួយបក្ខពួក និងលក់បន្តខ្លះ។ ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ កំពុងសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕