(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីក្រោមឱវាទឱ្យពិនិត្យនិងត្រៀមគ្រប់លទ្ធភាព ទាំងកម្លាំងមធ្យោបាយ ថវិកា និងសម្ភារដើម្បីជួយអន្តរាគមន៍ បានទាន់ពេលវេលាដល់ជនងាយរងគ្រោះ ពេលមានគ្រោះមហន្តរាយ ឬវិបត្តិភ័យកើតឡើង។

លោក អ៊ុន ចាន់ដា បានណែនាំដូច្នេះនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ឆមាសទី១ និងទិសដៅបន្ត៦ខែ ចុងឆ្នាំ២០២៣ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោក ទូច ឆៃ នាយកប្រតិបត្តិ អំពីវឌ្ឍនភាពការងារឆមាសទី១ និងទិសដៅសម្រាប់អនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៣ លោក អ៊ុន ចាន់ដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមទាំងមូល និងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជំរុញសកម្មភាព វិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា រយ:ពេល ៦ខែ ដើមឆ្នាំនេះ សម្រេចបានលទ្ធផលគួរឲ្យកត់សំគាល់ ពិសេសការលើកកំពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខា ការថែទាំសុខភាពសហគមន៍ ការលើកកម្ពស់តម្លៃមនុស្សធម៌ការអភិវឌ្ឍន៍ ស្ថាប័ន-ការត្រៀមបង្ការ ការឆ្លើយតប ការជួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ជូនជនរងគ្រោះ និងងាយរងគ្រោះបំផុត បានទាន់ពេលវេលា ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា»។

លោកប្រធានសាខាបានយកឱកាសនោះ ណែនាំអំពីវិធានការមួយចំនួន ជាអាទិ៍ ត្រូវពិនិត្យ និងត្រៀមគ្រប់លទ្ធភាពទាំងកម្លាំង មធ្យោបាយ ថវិកា និងសម្ភារដើម្បីជួយអន្តរាគមន៍ ឆ្លើយតបទាន់ពេលវេលា ដល់ជនងាយរងគ្រោះ ពេលមានគ្រោះមហន្តរាយ ឬ វិបត្តិភ័យកើតឡើង។

ទន្ទឹមនឹងនេះ ត្រូវរៀបចំផែនការបន្តចុះយុទ្ធនាការ អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការអប់រំទប់ស្កាត៎ការឆ្លងនៃជម្ងឺរាតត្បាតនានា ទាំងជម្ងឺគ្រុនឈីក គ្រុនឈាម អុតស្វា រួមទាំងជម្ងឺកូវីដ១៩ តាមមូលដ្ឋាន និងត្រូវយកចិត្តទុកដាក់ លើកកំពស់សមត្ថភាពមន្ត្រី រួមជាមួយការអប់រំថែបំប៉ន យុវជន អ្នកស្ម័គ្រចិត្តបណ្តាញការងារ នៅសហគមន៍ឲ្យពួកគេក្លាយជា ប្រតិបត្តិករដែលមិនអាចខ្វះបាន ក្នុងការបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ និងត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រងចំណូល ចំណាយ រួមទាំងការទូទាត់ ឱ្យមានតម្លាភាព និងគណនេយ្យភាពផងដែរ៕