(តាកែវ)៖ គណៈលោកស្រីវិជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា និងនាយកអង្កការយូណេសេហ្វប្រចាំកម្ពុជា បានចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី៣០ ដល់ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ មកកាន់ខេត្តតាកែវ ដើម្បីចុះពិនិត្យមើលការផ្ដល់សេវាថែទាំសុខភាពបឋម និងការផ្ដល់សេវាមានលក្ខណៈរួមបញ្ចូលគ្នា បន្ទាប់ពីវិបត្តិជំងឺរាតត្បាតកូវីដសកល។

លោកស្រីវិជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងស្ថាភិបាល បានថ្លែងថា គោលបំណង នៃដំណើរទស្សនកិច្ចនេះ ដើម្បីស្វែងយល់ពីស្ថានភាពនៃការផ្ដល់សេវាសុខាភិបាលសារវ័ន្ត ក្នុងដំណាក់កាលបន្ទាប់ ពីការរាតត្បាតនៅជំងឺកូវីដ និងចុះពិនិត្យមើលការប្រើប្រាស់ប្រព័ន្ធត្រជាក់ និងទូបង្កកសម្រាប់រក្សាវ៉ាក់សាំង ព្រមទាំងចុះបង្កេតសកម្មភាពប្រចាំសម្រាប់កុមារ និងការផ្ដល់វ៉ាក់សាំងកូវីដ។

បើយោងតាមសេចក្ដីរបស់ស្ថានទូតអូស្ត្រាលី និងអង្គការយូនិសេហ្វប្រចាំកម្ពុជា បានឲ្យដឹងថា ក្រៅពីចុះពិនិត្យមើលការផ្ដល់សេវាថែទាំសុខភាពបឋម ដំណើរទស្សនកិច្ចនេះ ក៏ផ្ដោតជាសំខាន់ទៅលើការជួបជាមួយអាជ្ញាធរមូលដ្ឋាន រួមមានអភិបាលខេត្ត បុគ្គលិកសុខាភិបាល និងសហគមន៍មូលដ្ឋាន ដើម្បីពិភាក្សាពីលទ្ធផល នៃការគាំទ្រតែផ្ដល់ដោយប្រទេសអូស្ត្រាលី និងអង្គការយូណេសចំពោះកិច្ចខិតខំប្រឹងប្រែងផ្ដល់ថ្នាំបង្ការជំងឺកូវីដ១៩ ដែលជាផ្នែកមួយ នៃសេវាផ្ដល់ថ្នាំបង្ការជាប្រចាំដែលមានលក្ខណៈរួមបញ្ចូលគ្នា និងការអនុវត្តិកម្មភាពនៅសហគមន៍។

លោក ចាស់ស្ទីន វ៉ាយអេត ឯកអគ្គរាជទូតអូស្រា្តលីប្រចាំកម្ពុជា បានថ្លែងថា «យើងពិតជាមានមោទកភាពដែលបានចូលរួមចំណែកក្នុងការគាំទ្រការឆ្លើយតបរបស់រាជរដ្ឋាភិបាលប្រយុទ្ធជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ និងចំពោះសមិទ្ធផល នៃការចាក់ថ្នាំបង្ការនៅក្នុងប្រទេសកម្ពុជា ខណៈពេលយើងបានចេញផុតពីដំណាក់កាលស្រួចស្រាល នៃជំងឺរាតត្បាតសកលនេះឥឡូវគឺជាឱកាសមួយ ដើម្បីពង្រឹងការថែទាំសុខភាពបឋម។ ជាផ្នែកមួយនៃការស្ដាឡើងវិញ និងត្រៀមខ្លួនសម្រាប់ជំងឺរាជត្បាលជាសកលដែលអាចកើតមាននាពេលអនាគត»

ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបន្តថា វាមានសារៈសំខាន់ខ្លាំងណាស់ដែលសេវាសុខាភិបាលចាំបាច់សំខាន់ៗ ត្រូវមានគុណភាព និងអាចប្រើប្រាស់បានចំពោះប្រជាជនគ្រប់រូប រួមទាំងសហគមន៍រងគ្រោះបំផុត និងនៅតំបន់ដាច់ស្រយាលផងដែរ។ ការរួមចំណែកចុងក្រោយបំផុតរបស់អូស្ត្រាលី ក្នុងភាពជាដៃគូជាមួយយូនីសេហ្វ បង្ហាញពីការប្ដេជ្ញាចិត្តដល់ភ្ជាប់ខ្ជួនរបស់យើងចំពោះសេវាសុខភាពប្រកបដោយបរិយាប័ណ្ណ និងសមធម៌សម្រាប់ទាំងអស់គ្នា។

លោកបណ្ឌិត វីល ផាត ប្រធានយូនីសេហ្វប្រចាំកម្ពុជា បានថ្លែងថា «យើងប្ដេជ្ញាចិត្តបន្តធ្វើការរួមគ្នាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់លទ្ធផលសុខភាពរបស់កុមារកម្ពុជា និងគ្រួសាររបស់ពួកគេ។ បទពិសោធន៍ នៃការចាក់ថ្នាំបង្ការជំងឺកូវីដបានបង្ហាញថា សេវារួមបញ្ចូលគ្នាតែផ្ដល់សមធម៌ការចូលរួមយ៉ាងសកម្មរបស់សហគមន៍ និងការចុះផ្ដល់សេវានៅមូលដ្ឋានអាចនាំមកនូវលទ្ធផលកាន់តែទូលំទូលាយ មកលើសុខភាព និងសុខមាលភាពរបស់ប្រជាជនកម្ពុជា»

គួរបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្ដើមដល់ការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០២១មក រាជរដ្ឋាភិបាលអូស្ត្រាលី តាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្ម និងអង្គការយូនីសេហ្វ បាននិងកំពុង សហការគ្នាក្នុងការផ្ដល់នូវការគាំទ្រដល់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីផ្ដល់ថ្នាំបង្ការប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌រួមទាំងដាក់ឲ្យប្រើប្រាស់ថ្នាំបង្ការប្រភេទ mRNA និងការបង្កើតប្រព័ន្ធត្រជាក់ខ្លាំង ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជាផងដែរ។

នាពេលថ្មីៗនេះប្រទេសអូស្ត្រាលី បានពង្រីកការគាំទ្ររបស់ខ្លួនតាមរយៈយូនីសេហ្វនៅទឹកប្រាក់បន្ថែមចំនួនជាង ៣លានដុល្លារ ដើម្បីគាំទ្រការដាក់បញ្ចូលកម្មវិធីផ្ដល់ថ្នាំបង្ការជំងឺកូវីដ១៩ ទៅក្នុងសេវាផ្ដល់ថ្នាំបង្ការជាប្រចាំ ដែលជាផ្នែកមួយនៃការផ្ដល់សេវាថែទាំសុខភាពបឋម។ អូស្ត្រាលីបានផ្ដល់ថវិកាចំនួន ៣១ លានដុល្លារដល់ប្រទេសកម្ពុជា ក្រោមគម្រោងសុវត្ថិភាពសុខភាព និងការទទួលបានថ្នាំបង្ការ ដែលមានភាពជាដៃគូជាមួយយូនីសេហ្វ និងបានផ្គត់ផ្គង់ថ្នាំបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួន 2,83 លានដូសមកដល់ប្រទេសកម្ពុជា៕