(ភ្នំពេញ)៖ គណៈប្រតិភូ នៃសាកលវិទ្យាល័យមហាសារ៉ាខាម និងតំណាងស្ថានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានចូលជួបសម្តែងការគួរសម ជាមួយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់រវាងភាគីទាំងពីរ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

ការសម្ដែងការគួរសម និងចុះ MoU នេះ ក្នុងឱកាសដែល ក្រុមសាស្រ្តាចារ្យ និងតំណាងនៃសាកលវិទ្យាល័យមហាសារ៉ាខាម ដែលដឹកនាំដោយសាស្ត្រាចារ្យរង បណ្ឌិត ច័ន្ទធិប កានចៈណៈស៊ីន នាយករងផ្នែកអប់រំ និងនវានុវត្តន៍ការសិក្សា អញ្ជើញមកទស្សនកិច្ចនៅកម្ពុជាជាផ្លូវការ។

គោលបំណងនៃ MoU គឺ១៖ ដើម្បីបង្កើតឱកាសលើវិស័យអប់រំ ផ្លាស់ប្តូរចំណេះដឹងក្នុងការអប់រំនិងការស្រាវជ្រាវជូនដល់សិស្ស និស្សិត និងមន្ត្រីរបស់ប្រទេសទាំងពីរ។ ២៖ ដើម្បីផ្តល់អាហារូបករណ៍ ជូនដល់សិស្ស និស្សិត និងមន្ត្រីប្រទេសកម្ពុជា ដើម្បីទៅសិក្សាបន្តនៅសាកលវិទ្យាល័យមហាសារ៉ាខាម។ ៣៖ ដើម្បីគាំទ្រកម្មវិធី និងគម្រោងក្នុងវិស័យអប់រំ សុខាភិបាល និងសង្គមដែលផ្ទោតសំខាន់ លើការដោះស្រាយបញ្ហា និងលើកកម្ពស់គុណភាពជីវិត សម្រាប់អ្នកដែលខ្វះខាតឱកាស នៅតាមតំបន់ដាច់ស្រយ៉ាល។

សកម្មភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការជំរុញសហប្រតិបត្តិការលើវិស័យអប់រំនិងការស្រាវជ្រាវ និងការផ្តល់អាហារូបករណ៍ ក្នុងកម្រិតផ្សេងៗ និងការផ្លាស់ប្តូរចំណេះដឹង មន្រ្តី និសិ្សត និងទិន្នន័យផ្សេងៗ រវាងប្រទេសទាំងពីរ ក្នុងឱកាសនេះ បានបង្ហាញឲ្យឃើញនូវមិត្តភាព និងសម្ព័ន្ធភាពដ៏ស្អិតរមួត ទាំងក្នុងកម្រិតរដ្ឋាភិបាល និងកម្រិតប្រជាជន ដែលនឹងធ្វើឲ្យប្រទេសទាំងពីរ អភិវឌ្ឍលើវិស័យអប់រំ និងគុណភាពជីវិតជាមួយគ្នា ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមានផ្ទោតសំខាន់លើ «មនុស្ស» ដែលជាស្នូលរបស់ការអភិវឌ្ឍន៍។

ក្រៅពីនេះផងដែរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមសាស្រ្តាចារ្យ និងតំណាងនៃសាកលវិទ្យាល័យមហាសារ៉ាខាម បានរៀបចំកម្មវិធី «ទំនាក់ទំនងអតីតនិស្សិត» ដោយមានការចូលរួមពីលោក ឈើតកៀត អត្ថាករ ឯកអគ្គរាជទូត ព្រមទាំងអ្នកតំណាងស្ថានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ជាឱកាសក្នុងការជួបពិភាក្សា និងបង្កើតទំនាក់ទំនងជាមួយអតីតនិសិ្សត និងនិស្សិតជនជាតិខ្មែរ ដែលទទួលបាននូវអាហារូបករណ៍ ក្នុងជំនាញផ្សេងៗ ក្រោមគម្រោងអាហារូបករណ៍ព្រះរាជទាន នៃព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រីសិរិនថន។

ចាប់តាំងពីឆ្នាំ២០០៨ មាននិស្សិតដែលបានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យមហាសារ៉ាខាម ក្រោមគម្រោងព្រះរាជទានទាំងអស់ចំនួន២១៨នាក់ និងបានត្រលប់មកបម្រើការងារ នៅប្រទេសកម្ពុជាវិញ នៅតាមវិស័យផ្សេងៗ និងជាកម្លាំងដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ទៅបន្តការសិក្សា នៅសាកលវិទ្យាល័យមហាសារ៉ាខាម អាចស្វែងរកព័ត៌មានបន្ថែមនៅ https://inter.msu.ac.th/