(កំពង់ធំ)៖ ផ្លូវបេតុងនេះមានប្រវែង ១,៧០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងមានកម្រាស់ ០.១៥ម៉ែត្រ នៅភូមិលាភទងទៅភូមិកំពង់ចិន នៅឃុំកំពង់ចិត្តត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងសាងសង់របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកការដ្ឋានស្ថាបនានៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ហើយផ្លូវនេះនឹងបញ្ចប់ការស្ថាបនានៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

នាឱកាសបើកការដ្ឋានស្ថាបនាផ្លូវនេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយថែរក្សាចំណីផ្លូវ ដើម្បីធានានៅសំណង់ផ្លូវថ្នល់នូវគុណភាពបានយូរអង្វែងព្រមទាំងមានសោភ័ណភាពស្រស់ស្អាតប្រកបដោយអនាម័យ និងមានបរិស្ថានស្រស់បំព្រងជាពិសេសត្រូវនាំគ្នាថែរក្សាប្រព័ន្ធលូនិងជៀសវាងនូវការបោះចោលនូវកាកសំណល់ ឬសំរាមផ្សេងៗ ចូលទៅក្នុងលូ ដែលនាំឱ្យមានការកកស្ទះដល់ប្រព័ន្ធបង្ហូរទឹក។

ជាមួយគ្នានេះលោកអភិបាលស្រុក បានណែនាំដល់អាជ្ញាធរកំពង់ចិត្តត្បូង ត្រូវធ្វើការណែនាំ និងតាមដានជាប្រចាំ ដោយផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅអមសងខាងផ្លូវ ដើម្បីធានានៅប្រសិទ្ធភាព និងកិច្ចសហការជាមួយប្រជាពលរដ្ឋ។

លោកបានបន្ថែមថាផ្លូវល្អស្អាតទាល់តែមានការចូលរួមថែរក្សាទាំងអស់គ្នា រវាងប្រជាពលរដ្ឋគ្រប់មូលដ្ឋានក៏ដូចជាអ្នកធ្វើដំណើរ និងអាជ្ញាធរមូលដ្ឋានដើម្បីអភិវឌ្ឍ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សោភ័ណភាពរបស់ស្រុកស្ទោង និងអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាផ្លូវដើម្បីគុណភាព សោភ័ណភាព បរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ៕