(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សមត្ថកិច្ចកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តវិធានការច្បាប់ចំពោះ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ដែលព្រមានធ្វើបាតុកម្ម។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ដូច្នេះថា៖ «យើងត្រៀមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ដែលសេចក្តីណែនាំរបស់សម្តេចតេជោ នៅជាធរមាននៅឡើយ នរណាដែលដឹកនាំប្រជាពលរដ្ឋ បះបោរធ្វើបាតុកម្ម អ្នកនោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់»។

លោកបានបន្តថា៖ «ពន្ធនាគារទាំងអស់បើកទ្វាររង់ចាំពួកមេដឹកនាំអតីតបក្សសង្រ្គោះជាតិដែលរឹងក្បាល ក្នុងនោះមានទាំង រ៉ុង ឈុន ផងដែរ»។ លោកបន្តថា៖ «នៅក្នុងគណបក្សគាត់ក៏មិនមានការឯកភាពគ្នាដែរទេ គឺមានតែ រ៉ុង ឈុន មួយប៉ុណ្ណោះ ដែលទាមទារធ្វើបាតុកម្ម ដែលធ្វើទៅតាមការញុះញង់ពីទណ្ឌិតនៅក្រៅប្រទេស បើធ្វើតាមនោះគណបក្សនឹងត្រូវរំលាយ ដែលពួកគេបាត់បង់ទាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតខាងមុខទៀត»។

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានប្រកាសថា គណបក្សនេះគ្រោងប្រមូលផ្តុំសមាជិក និងអ្នកគាំទ្រប្រមាណ១ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យ ដើម្បីតស៊ូមតិទាមទារឱ្យគ.ជ.ប អនុញ្ញាតឱ្យគណបក្សនេះចូលរួមការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នាខែកក្កដាខាងមុខនេះឡើងវិញ។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានអំពាវនាវឲ្យអ្នកគាំទ្រគណបក្សភ្លើងទៀន ត្រូវរក្សាភាពស្ងៀមស្ងាត់ និងកុំធ្វើតាមការអំពាវនាវ ព្រមទាំងសកម្មភាពរបស់មេដឹកនាំគណបក្សភ្លើងទៀនឲ្យសោះ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធត្រូវចាត់វិធានការជាបន្ទាន់ មិនឲ្យប្រមូលផ្តុំតវ៉ានោះឡើយ ដោយត្រូវចាប់ខ្លួនភ្លាមៗចំពោះមេដឹកនាំគណបក្សភ្លើងទៀន ទាំងថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោមជាតិ៕