(តាកែវ)៖ លោកស្រីបណ្ឌិត កុយ ពិសី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង្ស ខេត្តតាកែវ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក បានលើកឡើងថា ធនធានមនុស្ស ជាឬសកែវនៃការអភិវឌ្ឍនប្រទេសជាតិ។

ការលើកឡើងបែបនេះ របស់លោកស្រីបណ្ឌិត បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រីបណ្ឌិត អញ្ជើញចុះមកជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សា​នុសិស្ស នៅសាលារៀន ប៊ុន រ៉ានី ហ៊ុនសែន តាមួង ស្ថិតក្នុងឃុំព្រៃអំពក នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។

លោកស្រីបណ្ឌិត កុយ ពិសី បានថ្លែងថា គោលបំណងនៃការចុះសាលារៀន ប៊ុន រ៉ានី ហ៊ុនសែន តាមួងនេះ គឺដើម្បីចូលរួមចំណែកពង្រឹងគុណភាពនៃការអប់រំ បន្ថែមពីនេះចំណុចសំខាន់នោះ គឺរៀបចំឱ្យមានបណ្ណាល័យកម្រិតឋបមសិក្សា និងអនុវិទ្យាល័យ ព្រមទាំងការពិនិត្យមើលបន្ថែមលើការងារអនាម័យ របៀបរៀបរយនៅក្នុងសាលាជាដើម

បន្ថែមពីនេះ លោកស្រីបណ្ឌិត កុយ ពិសី បានបញ្ជាក់ថា ការចុះមកពិនិត្យនៅសាលានេះ ដើម្បីធ្វើយ៉ាងណាឱ្យសាលា ប៊ុន រ៉ានី ហ៊ុនសែន តាមួងនេះ ក្លាយជាសាលារៀនគំរូនៅឃុំ ព្រមទាំងអាចឈានទៅក្លាយជាសាលាគំរូនៅកម្រិតស្រុក និងកម្រិតថ្នាក់ខេត្តផងដែរ៕