(បន្ទាយមានជ័យ)៖ ក្នុងវេទិកាពិភាក្សា និងពិគ្រោះយោបល់អំពីវឌ្ឍនភាពការងារគ្រប់វិស័យទូទាំងខេត្តបន្ទាយមានជ័យ រវាងរដ្ឋបាលខេត្តជាមួយ និស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តបន្ទាយមានជ័យ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

វេទិកានេះបានធ្វើឡើងក្រោមវត្តមានលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ មន្ត្រីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព គ្រឹះស្ថានពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងនិស្សិតប្រមាណ១.០០០នាក់ផងដែរ។

លោក ណង ថា សាកលវិទ្យាធិការរង និងជានាយកសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បានលើកឡើងសង្ខេបពីស្ថានភាពទូទៅអំពីគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលទទួលបានចំនួននិស្សិត ចូលរៀនច្រើនជាងគេហើយ និងផែនការ និងលទ្ធផល នៃការបណ្តុះបណ្តាលកន្លងមកផងដែរ។

ក្នុងវេទិការពិភាក្សាពិគ្រោះយោបល់នោះនិស្សិតជាគ្រហស្ថ និងនិស្សិតជាព្រះសង្ឃ បានលើកយកបញ្ហាមកសួរយ៉ាងក្តៅគគុកថា១អាជីវកម្ម ផលិតកម្មទឹកស្អាតក្នុងទីប្រជុំជនខេត្តឬក្រុងសិរីសោភ័ណទឹកចេញតិចៗនិងកខ្វក់ ល្អក់ ពិបាកបរិភោគនិងប្រើប្រាស់ ។

លោក អ៊ុំ រាត្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ស្នងការរង និងមន្ត្រីពាក់ព័ន្ធ បានឆ្លើយបំភ្លឺ ដោះស្រាយលើសំណួរ ចម្ងល់ សំណូមពរនានាដូចដែលនិស្សិតបានលើកឡើង៕