(រតនគិរី)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានចុះអ៊ុតគំនូស និងដុំចំណាំងផ្លាត នៅលើកំណាត់ផ្លូវជាតិលេខ៧៦ ចាប់ពីចំណុច Pk281 ដល់ PK290+860 ចាប់ពីឃុំប៉ាតាង ដល់ឃុំល្បាំង ស្រុកលំផាត់ ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ។

លោក សាយ សាមាន សមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ថា ការងារនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ជាពិសេសនៅពេលយប់ ក៏ដូចជាការដឹកជញ្ជូនទំនិញផ្សេងៗចៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ។

ប្រធានមន្ទីរសាធារណការ បានបញ្ជាក់ថា ការអ៊ុតគំនូស និងដាក់ដុំចំណាំងផ្លាត លើកំណាត់ផ្លូវជាតិលេខ៧៦ ខាងលើនេះមានប្រវែង ១០គីឡូម៉ែត្រ គឺកែលម្អ បង្កើនសោភ័ណ្ឌផ្លូវ ងាយស្រួលធ្វើដំណើរក្នុងការរួមចំណែកកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ និងដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោក សាយ សាមាន បានបន្តថា ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ អ្នកដំណើរទាំងអស់ប្រកាន់ខ្ជាប់នូវវិធានការដូចជា៖ បើស្រវឹងសូមកុំបើកបរ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន្តយន្តជាប្រចាំ និងមិនត្រូវវ៉ាជែងគ្នាក្នុងស្ថានភាពប្រថុយប្រថានឡើយ៕