(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានសម្រេចលើកយកសំណុំរឿងក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង និងប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ ទៅប្រកាសសាលក្រមនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

ការសម្រេចរបស់ប្រធានក្រុមប្រឹក្សាចៅក្រុមជំនុំជម្រះនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីអង្គសវនាការបានបញ្ចប់ការសួរដេញដោល ពីសំណាក់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ មេធាវីការពារក្តីទាំង ២ភាគី តំណាងអយ្យការ ទៅលើជនជាប់ចោទម្នាក់ឈ្មោះ ធី រិទ្ធិសុចន្ថា អាយុ២៥ឆ្នាំ ប៉ុន្តែកំបាំងមុខជនដែលត្រូវចោទចំនួន៩នាក់ផ្សេងទៀត ដែលពួកគេជាប់ចោទពីបទ សមគំនិតក្នុងរឿងនេះ។

តំណាងអយ្យការលោក ចែ សុង បានធ្វើសេចក្តីសន្និដ្ឋានជូនអង្គសវនាការដោយបានសម្រេចតម្កល់បទចោទលើឈ្មោះ ធី រិទ្ធិសុចន្ថា ពីបទក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារក្លែង និងប្រើប្រាស់ដោយខុសច្បាប់នូវ សម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ។ ចំណែក ៩នាក់ផ្សេងទៀត តំណាងអយ្យការបានសម្រេចតម្កល់បទចោទ ពីបទសមគំនិត។

គួរំលឹកថា ជនជាប់ចោទចំនួន១០នាក់ ត្រូវបានឃាត់ខ្លួនដោយនគបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ តាមបណ្តឹងរបស់អគ្គនាយកនាយកដ្ឋានពន្ធដារ ក្នុងបទចោទ ក្លែងបន្លំឯកសណ្ឋានរបស់អគ្គនាយកដ្ឋាន ពន្ធដារ, ក្លែងបន្ថំឯកសារសារធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារ ដូចជាការបង់ប្រាក់ខែ ការធ្វើត្រាក្លែងក្លាយ ការក្លែងបន្លំហត្ថលេខាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ និងការឆបោកប្រាក់ពីជនរងគ្រោះ ដើម្បីបានចូលបម្រើការងារជាមន្រ្តីពន្ធដារជាដើម។ ជនទាំងនេះត្រូវបានជាប់ឃុំនៅពន្ធនាគារ និងកំពុងដំណើរការនីតិវិធីតុលាការ។

មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ ធ្លាប់បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ បានខិតខំក្នុងការផ្តល់សេវាកម្មល្អប្រសើរហើយដល់ប្រជាពលរដ្ឋ ស្របពេលដែលរាជរដ្ឋាភិបាលបន្តពង្រឹងនូវអភិបាលកិច្ចល្អ តម្លាភាព ប្រសិទ្ធិភាព និងស័ក្កសិទ្ធភាព ដើម្បីបង្កើនការប្រមូលចំណូលជូនជាតិ ប៉ុន្តែ ទង្វើរបស់ជនទាំងនេះ បានធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះស្ថាប័ននេះ។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ដដែលបានបញ្ជាក់បន្ថែមថា សម្រាប់អ្នកដែលចូលបម្រើការងារជាមន្រ្តីពន្ធដារ សូមដាក់ពាក្យចូលប្រឡងឱ្យបានត្រឹមត្រូវនៅពេលដែលមានការប្រកាសជ្រើសរើសមន្រ្តី កុំចូលតាមក្រុមឆបោកទាំងនេះ ដែលនាំឱ្យខាតបង់ថវិកា៕