(ភ្នំពេញ)៖ អតិថិជនទិញផ្ទះរបស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦A បានធូរស្បើយក្នុងចិត្ត និងសប្បាយរីករាយ បន្ទាប់ពីពួកគាត់បានមកស្វែងយល់ និងដោះស្រាយបញ្ហាដោយផ្ទាល់ជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

ក្នុងជំនួបពេញមួយព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំពោះមុខអតិថិជនប្រមាណជាង១០០នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានស្វាគមន៍ និងថ្លែងអំណរគុណអតិថិជនទាំងអស់ដែលបានទិញផ្ទះ និងផ្តល់ជំនឿទុកចិត្តដល់គម្រោងសាងសង់ផ្ទះរបស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គម្រោង៦A។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអះអាងថា រហូតមកដល់ពេលនេះគម្រោងសាងសង់ផ្ទះត្រូវបានបញ្ចប់ជាច្រើនពាន់ល្វែង នៅតាមបណ្តាប្លុកមួយចំនួនហើយ យ៉ាងណាក៏ដោយ ក៏មានគម្រោងផ្ទះនៅតាមប្លុកមួយចំនួនទៀត កំពុងមានភាពយឺតយ៉ាវ និងកំពុងត្រូវបានសាងសង់យ៉ាងមមាញឹកជូនអតិថិជន។

អ្នកឧកញ៉ា សង្កត់ធ្ងន់ថា ក្រុមហ៊ុន ហ្គាឡាក់សុី ពិសេសរូបអ្នកឧកញ៉ាផ្ទាល់ មិនបានបោកប្រាស់ និងមិនរត់ទៅណាចោលគម្រោង ឬការទទួលខុសត្រូវរបស់ខ្លួននោះឡើយ ផ្ទុយទៅវិញ អ្នកឧកញ៉ា នឹងនៅតែបន្តសាងសង់ផ្ទះជូនអតិថិជនរបស់ខ្លួន និងព្រមប៉ះប៉ូវជាសំណងដល់ការខាតបង់ទាំងអស់របស់អតិថិជន ព្រមទាំងបានស្នើសុំពេលវេលាសមស្រប និងការយោគយល់ខ្ពស់ពីសំណាក់អតិថិជនទាំងអស់ ដើម្បីក្រុមហ៊ុនអាចបញ្ចប់គម្រោង និងស្តារស្ថានភាពដែលកំពុងកើតឡើងចំពោះមុខនេះឲ្យប្រសើរឡើងវិញក្រោមរូបភាពឈ្នះឈ្នះទាំងអស់គ្នា។

ទន្ទឹមនឹងនេះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសំណូមពរអតិថិជនទាំងអស់កុំជឿលើការឃោសនា ឬការញុះញង់ពីជនអគតិមួយចំនួន នៅក្នុងបណ្តាញសង្គមដែលនាំឲ្យខាតបង់ផលប្រយោជន៍របស់ខ្លួន និងរបស់ក្រុមហ៊ុនពីព្រោះកាលណាក្រុមហ៊ុនដួលរលំ គម្រោងសាងសង់ផ្ទះ ក៏នឹងត្រូវដួលរលំដូចគ្នា។ អ្នកឧកញ៉ាមានបំណងឲ្យអតិថិជនទាំងអស់ ធ្វើដំណើរមកជួបពិភាក្សាដោយផ្ទាល់ជាមួយអ្នកឧកញ៉ា ប្រសិនជាមានបញ្ហាណាមួយមិនប្រក្រតី និងចង់ឃើញការរួមដៃគ្នា ដឹកដៃគ្នា ក្នុងនាមជាមហាគ្រួសាររបស់បុរី ឡេង ណាវ៉ាត្រា។

នៅក្នុងជំនួបនេះ អតិថិជនទាំងអស់ទទួលបានអារម្មណ៍សប្បាយរីករាយនៅពេលបានលឺ និងប្រាស្រ័យដោយផ្ទាល់ ជាមួយអគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា ព្រមទាំងបានដឹងច្បាស់ពីមូលហេតុ នៃភាពយឺតយ៉ាវក្នុងការសាងសង់ផ្ទះជូនពួកគាត់។ អតិថិជនទាំងនេះថែមទាំងទទួលបានការយល់ព្រមពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើលក្ខខណ្ឌជាច្រើនទាក់ទងនឹងការសាងសង់ផ្ទះ ដែលបានស្នើឡើងដោយពួកគាត់។

ក្រោយជំនួបដ៏មានសារៈសំខាន់នេះ អ្នកចូលរួមទាំងអស់បានពិសាអាហារថ្ងៃត្រង់ជាមួយគ្នា ក្រោមបរិយាកាសយ៉ាងសប្បាយរីករាយ និងយោគយល់គ្នាប្រកបដោយភាពជឿជាក់ និងទុកចិត្ត៕