(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៉ី បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការវាយតម្លៃសម្រាប់ពានរង្វាន់អាស៊ានឆ្នាំ២០២៣ ដើម្បីពិនិត្យមើល និងវាយតម្លៃរកជ័យលាភីសម្រាប់ឆ្នាំ២០២៣។

សូមជម្រាបថា គណៈកម្មាធិការវាយតម្លៃឆ្នាំ២០២៣ នេះ រួមមាន (១) លោក តាន់ស្រ៊ី អាជីត សីង អតីតអគ្គលេខាធិការអាស៊ានពីឆ្នាំ១៩៩៣-១៩៩៧ មកពីប្រទេសម៉ាឡេស៉ី, (២) លោក អ៊ុង កេងយ៉ុង អតីតអគ្គលេខាធិការអាស៊ានពីឆ្នាំ ២០០៣-២០០៧ មកពីប្រទេសសិង្ហបុរី, (៣) លោក ឡេ លួងមិញ អតីតអគ្គលេខាធិការអាស៊ានពីឆ្នាំ២០១៣-២០១៧ (៤), លោក ដាតុ លឹម ចុកហ៊ុយ អតីតអគ្គលេខាធិការអាស៊ានពីឆ្នាំ២០១៨-២០២២, និង (៥) លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបច្ចុប្បន្ន។

នៅរសៀលថ្ងៃដដែល បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការវាយតម្លៃសម្រាប់ពានរង្វាន់អាស៊ានឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងជាប្រធានគណៈកម្មាធិការវាយតម្លៃសម្រាប់ឆ្នាំ២០២៣ បានរៀបចំអាហារថ្ងៃត្រង់ជូនសមាជិកគណៈកម្មាធិការ ដែលរួមមានអតីតអគ្គលេខាធិការអាស៊ាន មកពីប្រទេសម៉ាឡេស៉ី សិង្ហបុរី វៀតណាម និងព្រុយណេ៕