(ពោធិ៍សាត់)៖ លោកសាស្ត្រាចារ្យ ឡាំ អេងហួ អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ តំណាង លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ និងលោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកមហាសន្និបាត បូកសរុបលទ្ធផលសកម្មភាព ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តពោធិ៍សាត់ អាណត្តិ៦ឆ្នាំ លើកទី៣ និងទិសដៅការងារ ព្រមទាំងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តពោធិ៍សាត់ សម្រាប់អាណត្តិ៦ឆ្នាំ លើកទី៤។

អង្គសន្និបាតនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ដោយបានការចូលរួមពី លោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តពោធិ៍សាត់ អាណត្តិ៦ឆ្នាំ លើកទី៣, លោក លោកស្រី ជាប្រធានគណៈវិជ្ជាជីវៈទាំង០៤ និងសមាជិក សមាជិកា គ្រូពេទ្យ វេជ្ជបណ្ឌិត សរុបជិត៧០នាក់។

សូមជម្រាបជូនថា បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត មានចំនួន៣២រូប ក្នុងនោះត្រូវបានសមាជិក សមាជិកា មហាសន្និបាតបោះឆ្នោត និង​ផ្តល់សេចក្តីទុកចិត្ត ជ្រើសរើសយកបេក្ខជន៩រូប ដែលក្នុងនោះលោកវេជ្ជបណ្ឌិត ខៀវ ពុទ្ធារិទ្ធ ជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តពោធិ៍សាត់ សម្រាប់អាណត្តិ៦ឆ្នាំ លើកទី៤។ ជាមួយគ្នានោះ ​លោកវេជ្ជបណ្ឌិត ខៀវ ពុទ្ធារិទ្ធ ក៏បានប្តេជ្ញាចិត្តថានឹងខិតខំដឹកនាំបន្ត ពីអាណត្តិមុនឱ្យខានតែបាន ដូចជាការពង្រឹងការចុះបញ្ជីគណៈគ្រូពេទ្យ ក្រមសីលធម៌វិជ្ជាជីវៈដល់គ្រូពេទ្យ វេជ្ជបណ្ឌិត សាមគ្គី និងសហការជាមួយស្ថាប័នពាក់ពន្ធ័ ក្នុងនោះមាន គណៈគ្រូពេទ្យខេត្ត គណៈឱសថការី គណៈទន្តពេទ្យ គណៈឆ្មប គណៈគិលានុប្បដ្ឋាក និងគិលានុប្បដ្ឋាយិកា ដើម្បីពង្រឹងនូវគុណវុឌ្ឍ ក្នុងការផ្តល់សេវាវិជ្ជាជីវៈវេជ្ជសាស្ត្រ។

លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ និងលោកសាស្ត្រាចារ្យ ឡាំ អេងហួ អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងបានកោតសរសើរ ចំពោះគណៈគ្រូពេទ្យខេត្តពោធិ៍សាត់ អាណត្តិ៦ឆ្នាំ លើកទី៣ ដែលបានខិតខំអភិវឌ្ឍន៍ វិជ្ជាជីវៈក្នុងវិស័យសុខាភិបាល ប្រកបដោយប្រសិទ្ធភាព។

ថ្នាក់ដឹកនាំទាំង២ បានជម្រាបជូនពីគោលបំណងនៃការរៀបចំមហាសន្និបាត គឺ​ដើម្បីរៀបចំសមាសភាពក្រុមប្រឹក្សាគណៈគ្រូពេទ្យនៅថ្នាក់ខេត្ត អាណត្តិថ្មី ដែលសមស្របតាមលក្ខន្តិកៈ ដែលបានចែងនៅក្នុងច្បាប់លក្ខន្តិកៈ របស់គណៈវិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីបន្តការងារផ្នែកគណៈវិជ្ជាជីវៈវេជ្ជសាស្ត្រ នៅពេលខាងមុខជាបន្តទៀត ។ នេះគឺជាលទ្ធផលមួយ របស់មន្ទីរសុខាភិបាលខេត្ត ដែលកំពុងចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងនូវបច្ចេកវិទ្យា វេជ្ជសាស្រ្ត និង​ក្រមសីលធម៌ កាត់បន្ថយភាពក្រីក្រ ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានសុខភាពល្អ កាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់។

ថ្នាក់ដឹកនាំទាំង២ ក៏សូមផ្តាំផ្ញើដល់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ទើបតែជាប់ឆ្នោតថ្មី គ្រូពេទ្យ និងវេជ្ជបណ្ឌិតទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការពង្រឹងនូវគុណវុឌ្ឍ ដែលក្នុងនោះមានកម្រិតបច្ចេកទេសសមត្ថភាព ក្រមសីលធម៌ អាកប្បកិរិយា ដែលបាននឹងកំពុងបំពេញបេសកកម្ម បម្រើសេវាកម្មផ្នែកសុខភាព ទាំងសេវាសាធារណៈ និង​សេវាឯកជន ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធិភាព គុណធម៌ សមធម៌ និង​កាត់បន្ថយហានិភ័យផ្សេងៗ ដែលជាគោលការគ្រឹះ នៃវិស័យសុខាភិបាល៕