(កំពង់ធំ)៖ លោក ងួន រនតៈ អភិបាលខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី អ្នកម៉ៅការសាងសង់ និងប្រជាពលរដ្ឋ បានអញ្ជើញចុះត្រួតពិនិត្យផ្លូវគ្រួសក្រហម១ខ្សែ មានប្រវែង ៥ពាន់ម៉ែត្រ ពីផ្លូវជាតិលេខ៦ តភ្ជាប់ទៅកាន់ភូមិរលួស ដែលផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះដោយមានការសំណូមពរពីប្រជាពលរដ្ឋ ព្រះសង្ឃ តាមរយៈរដ្ឋបាលសង្កាត់ស្រយ៉ូវ និងរដ្ឋបាលក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពផ្លូវនេះលោក ងួន រតនៈ ថ្លែងថា យោងតាមការសង្កេតឃើញទូទៅ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ និងចៅអធិការវត្តរលួសផ្លូវនេះថ្វីត្បិតតែវាមិនសូវពិបាក ប៉ុន្តែវាជាផ្លូវសេដ្ឋកិច្ចមួយ ដ៏សំខាន់របស់ប្រប្អូនប្រជាពលរដ្ឋចរាចររស់រវើក ជាពិសេសការដឹកជញ្ជូនកសិផលកសិកម្មជាដើម។

ជាមួយគ្នានេះ លោកបានឲ្យអាជ្ញាធរក្រុង និងសង្កាត់ ត្រូវរៀបចំធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានជ្រាប មុននឹងយើងដាក់គ្រឿងចក្រសាងសង់ផ្លូវនេះឡើងវិញនាពេលខាងមុខនេះ ព្រោះអាជ្ញាធរខេត្តសម្រេចធ្វើការកែលម្អ ផ្លូវពីផ្លូវក្រាល គ្រួសក្រហម ទៅជាផ្លូវចាក់កៅស៊ូ ដែលមានទទឹង ៧ម៉ែត្រ ប្រវែង៥ពាន់ម៉ែត្រចាប់ពីផ្លូវជាតិលេខ៦ ហើយគម្រោងនៃការសាងសង់ផ្លូវនេះនឹងចាប់ផ្តើមអនុវត្តនៅសប្តាហ៍ក្រោយ រួចគ្រោងបញ្ចប់ការសាងសង់ឲ្យមុនថ្ងៃបោះឆ្នោតនាពេលខាងមុខនេះ។

ជាមួយគ្នានេះ លោក ងួន រតនៈ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងផ្សេងទៀតសូមមានការយោគយល់ យើងមានតម្រូវការច្រើនក្នុងពេលតែមួយព្រោះថវិកាមានចំនួនកំណត់ យើងនឹងព្យាយាមដោះស្រាយបញ្ហានានា តាមសំណូមពររបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត ទៅតាមលទ្ធភាពដែលយើងមាន។

អភិបាលខេត្តកំពង់ធំ សំណូមពរលដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ ចូលរួមសហការជាមួយអាជ្ញាធរដែនដីក្នុងសាងសង់ផ្លូវ ប្រកដោយភាពរលូន និងទុកជាប្រយោជន៍រួមសម្រាប់យើងទាំងអស់គ្នា។

ប្រជាពលរដ្ឋនៅក្នុងភូមិរលួសមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយទទួលបានផ្លូវកៅស៊ូថ្មី ហើយក៏សូមអបអរសាទរចំពោះសមិទ្ធិផលថ្មីរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោជាពិសេសលោក ងួន រតនៈ ដែលតែងតែយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋសុំបួងសួងដល់វត្ថុស័ក្តិសិទ្ធិសូមជូនពរសម្ដេចតេជោ មានសុខភាពល្អ និងបន្តគាំទ្រដើម្បីបន្តដឹកនាំនាវាកម្ពុជាឲ្យមានការរីកចម្រើនតទៅមុខជារៀងរហូត៕