(ព្រះសីហនុ)៖ លោក វង្ស ណាផាត ប្រធានក្រុមប្រឹក្សា និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុង១ខ្សែ និងពិធីប្រកាសជួសជុលផ្លូវបេតុងចំនួន២៩ខ្សែ ប្រវែង១៤,១៣២ម៉ែត្រ ស្ពានចំនួន១ទីតាំង លូកាត់ទទឹងផ្លូវចំនួន៦ទីតាំង និងលូប្រអប់ចំនួន២កន្លែង។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំឃុំ/ស្រុក កងកម្លាំងមានសមត្ថកិច្ច អជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋជាង៨០០នាក់។ ពិធីបើក និងប្រកាសធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅក្រោយសាលាឃុំព្រៃនប់ (ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៨៩-១៩០។

លោក គួច ចំរើន បានថ្លែងថា ការបើកការដ្ឋានជួសជុលផ្លូវបេតុង១ខ្សែ ប្រវែង ៣៦៥ម៉ែត្រ នៅស្រុកព្រៃនប់ ដោយថ្ងៃនេះមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិ ក្នុងស្រុកព្រៃនប់ យើងបើកកាដ្ឋានជួស ជុលផ្លូវបេតុង ១ខ្សែ។ សម្រាប់ស្រុកព្រៃនប់មាន ២២គម្រោង ស្មើនឹងផ្លូវបេតុងចំនួន ៣០ខ្សែ មានប្រវែង ១៤គីឡូ ៤៩៧ម៉ែត្រ និងលូកាត់ទទឹងផ្លូវចំនួន ៦ទីតាំង លូប្រអប់ចំនួន ០២កន្លែង សួនរង្វង់ មូលវាលរេញ ការតបណ្តាញអគ្គិសនី នៅសាលាវិទ្យល័យទួលកែវ ការសាងសង់បណ្ណាល័យ ១ខ្នង នៅវិទ្យាល័យទួលកែវ និងការសាងសង់មត្តេយ្យសិក្សាសហគមន៍ បន្ទប់ទឹកចំនួន ៤ទីតាំង នៅស្រុកព្រៃនប់ មាននៅភូមិអូរឧកញ៉ាហេង បឹងតា ព្រហ្ម ជើងគោ និងឃុំទឹកល្អក់ ជាគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៣។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានបន្តថា រាល់គម្រោងទាំងអស់នេះ សូមប្រកាសបើកការដ្ឋាន ចេញពីទីនេះ ថ្ងៃនេះព្រមៗគ្នាតែម្តង ថ្ងៃនេះបានបើកការដ្ឋាន ៨ខ្សែផ្លូវ ដែលមានក្រុមហ៊ុន ចំនួន២ ដេញថ្លៃបានដំណើរការ សាងសង់ ហើយមានគម្រោងខ្លះនៅ ស្រុកព្រៃនប់ និងគម្រោងខ្លះទៀតនៅក្រុង ស្រុកផ្សេងៗទៀត ព្រោះគម្រោងនេះបានដាក់ពង្រាយតាមឃុំ សង្កាត់ទាំង ២៩ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្នុងក្របខ័ណ្ឌថ្នាក់ខេត្ត ព្រមទាំងបានធ្វើការណែនាំដល់ក្រុង ស្រុក ឃុំ សង្កាត់ បន្តការយកចិត្តទុកដាក់រៀបចំសិក្សាគម្រោងការដេញថ្លៃឱ្យបានសមស្រប ព្រោះកញ្ចប់ថវិកាដែលយើងមាន ដើម្បីបង្កើនប្រសិទ្ធផល មានតម្លាភាពនៅក្នុងមូលដ្ឋាន ក្នុងការប្រើប្រាស់កញ្ចប់ថវិកាឱ្យមានប្រសិទ្ធភាព ដូច្នេះ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវខិតខំគិតគូររៀបចំប្រើប្រាស់កញ្ចប់ថវិកាឱ្យបានត្រឹមត្រូវឱ្យប្រជាពលរដ្ឋបន្តការគាំទ្រសម្រាប់អាណត្តិនេះ និងអាណត្តិខាងមុខបន្តទៀត។

អភិបាលបានបញ្ជាក់ថា «យើងត្រូវមានសមត្ថភាព មានការយល់ដឹងគិតគូរឱ្យបានត្រឹមត្រូវមានតម្លាភាពប្រជាពលរដ្ឋ និងគាំទ្រអស់លោកគ្រប់អាណត្តិតទៅមុខទៀត ហើយចាត់ទុក ភារកិច្ចនេះជារឿងសំខាន់ នៃកំណែទម្រងវិមជ្ឈការ និងវិសហមជ្ឈការ និងជាម៉ែត្រវាស់ស្ទង់មួយយ៉ាងសំខាន់សម្រាប់ក្រុមប្រឹក្សាប្រើប្រាស់កញ្ចប់ថវិកាក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យចំទិសដៅ មានប្រសិទ្ធភាព ប្រសិទ្ធផលនៅក្នុងមូលដ្ឋានហើយឃុំ សង្កាត់ភាគច្រើនបានបំពេញការងារល្អ នៅឃុំសង្កាត់មួយចំនួនតូចមិនបានយកការងារនេះមក ធ្វើការគិតគូរ ដោយខ្លួនឯកនោះទេ អាចនិយាយបានថាសមត្ថភាព ក្រុមប្រឹក្សាមេឃុំ ចៅសង្កាត់មិនត្រូវបានលើកកម្ពស់តាមររៀប នៃការអនុវត្តផែនការ សកម្មភាពដោយផ្ទាល់ យើងត្រូវប្រើប្រាស់កញ្ចប់ថវិការបស់យើងទៅជាសមិទ្ធផលឱ្យបានច្រើននៅក្នុងមូលដ្ឋាន»

លោក គួច ចំរើន បានបញ្ជាក់ទៀតថា ក្រសួងមហាផ្ទៃ បានធ្វើការប្រឡង ប្រណាំងពានរង្វាន់ការបម្រើសេវាសង្គមសម្រាប់បណ្តាឃុំ សង្កាត់ នៅទូទាំងប្រទេស។ ដោយឡែកនៅខេត្តព្រះសីហនុ ឆ្នាំ២០២៣ រដ្ឋបាលខេត្តបានជំរុញ ឱ្យមានការប្រឡងប្រណាំងការបម្រើសេវាល្អ ដើម្បីឱ្យថ្នាក់មូលដ្ឋានមានការប្រឡងប្រណាំងផ្តល់រង្វាន់ លើកទឹកចិត្តលើការងារបម្រើសេវាល្អជូនប្រជាពលរដ្ឋ ហើយចាប់ពីឆ្នាំ២០២២ និងបន្តមកឆ្នាំ២០២៣ ក្នុងការបម្រើសេវាល្អ និងទទួលយកសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋានជាគោលដៅបម្រើសេវាសាធារណៈកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសនោះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានផ្តល់ក្រមាជូនប្រជាពលរដ្ឋ ចូលរួមម្នាក់ក្រមា១ និងក្រុមគ្រូពេទ្យចំនួន ១០នាក់ ទទួលថវិកាម្នាក់ ១០ម៉ឺនរៀល៕