(កែប)៖ លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ខេត្តកែបនឹងបញ្ចប់ទាំងស្រុងពាក់ព័ន្ធការបន្ទោបង់ពាសវាលពាសកាលតាមផែនការត្រឹមពាក់កណ្តាល ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

ការលើកឡើងបែបនេះ ខណៈលោក ជ្រុន ថេរ៉ាវ៉ាត និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ធ្វើជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យតាមដាន ស្តីពីលទ្ធផលនៃការជំរុញស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល នៅខេត្តកែប នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តកែប ដោយចូលរួមពីសំណាក់ប្រតិភូអមដំណើរ និងមន្ត្រីរាជការពាក់ព័ន្ធក្រោមឱវាទ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២៣នេះ ខេត្តកែបនៅមានខ្នងផ្ទះពលរដ្ឋចំនួន ១៩៨ខ្នងផ្ទះទៀត ដែលគ្មានបង្គន់សម្រាប់ប្រើប្រាស់ ឬស្មើរនឹង២% ខណ:ខ្នងផ្ទះដែលមានបង្គន់ប្រើប្រាស់ រហូត៩៨% ទូទាំងខេត្ត។

លោក ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងថា ឆ្លងតាមកិច្ចពិភាក្សា ជាលទ្ធផលដោយមានការជំរុញពីថ្នាក់ដឹកនាំ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំខេត្ត នឹងខិតខំគ្រប់មធ្យោបាយឱ្យខ្នងផ្ទះដែលនៅខ្វះបង្គន់ទាំងអស់ មានបង្គន់ប្រើប្រាស់១០០ភាគរយ ដើម្បីឈានទៅសម្រេចនូវគោលដៅ ដែលដាក់ខេត្តកែប ជាខេត្តលេខរៀងទី៦ ក្នុងការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ក្នុងឆ្នាំ២០២៣នេះ។

លោកបណ្ឌិត សោម ពិសិដ្ឋ បានបញ្ជាក់ថា ក្នុងចំណោម១៨ភូមិ ទូទាំងខេត្តកែប យើងសម្រេចបាននូវចំនួនខ្នងផ្ទះដែលមានបង្គន់សម្រាប់ប្រើប្រាស់ប្រមាណ៩៨ភាគរយ ក្នុងនោះមាន២ទៅ៣ភូមិ ស្ថិតក្នុងភូមិសាស្រ្តស្រុក និងបណ្តាតំបន់សំណង់មិនរៀបរយខ្លះ នៃភូមិសាស្រ្តក្រុង នៅមិនទាន់មានបង្គន់ប្រើប្រាស់ ភាគច្រើនគឺនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ និងសង្កាត់អូរក្រសារ ក្រុងកែប តែយ៉ាងណារដ្ឋបាលនឹងសហការយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅប្រកាសខេត្តកែប ក្លាយជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនៅក្នុងអាណត្តិទី៦នេះ៕