(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចុះពិនិត្យមើលទីតាំងផ្លូវគ្រួសក្រហមមួយខ្សែ ដែលបងប្អូនប្រជាពលរដ្ឋបានត្អូញត្អែរលំបាក ក្នុងការធ្វើដំណើរនៅរដូវវស្សាស្ថិតនៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

លោក ងួន រតនៈ បានបញ្ជាក់ថា ផ្លូវគ្រួសក្រហមមួយខ្សែនេះនឹងប្រែក្លាយទៅជាផ្លូវបេតុងនាពេលខាងមុខនេះ ដើម្បីឲ្យមានសុវត្ថិភាពក្នុងការធ្វើដំណើរទៅមកនៅលើផ្លូវសាធារណៈ គ្មានគ្រោះថ្នាក់ និងការដឹកជញ្ជូនកសិផលនានា ទាំងយប់ទាំងថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកបានបន្ថែមទៀតថា បន្ទាប់ពីក្រុមការងារថ្នាក់ខេត្ត និងចុះសិក្សាពីគម្រោងរៀបចំទីតាំងឲ្យបានច្បាស់លាស់ ហើយរៀបចំជួសជុលកែលម្អផ្លូវក្រាលគ្រួសក្រហមនេះ ទៅជាផ្លូវបេតង់មានគុណភាពទៅតាមបច្ចេកទេស នៃសំណង់មួយមានភាពរឹងមាំ។

លោក ងួន រតនៈ បានជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរនៅលើផ្លូវមួយខ្សែនេះ ត្រូវមានការអត់ធ្មត់មួយរយៈសិន ហើយអាជ្ញាធរខេត្តហ្នឹងបើកការដ្ឋានជួសជុលផ្លូវ នាពេលខាងមុខនេះ។ 

សូមបញ្ជាក់ថា ផ្លូវមួយខ្សែប្រវែងប្រមាណ ៣.០០០ម៉ែត្រ គម្រោងឈូសឆាយទទឹង១៥ម៉ែត្រ នឹងធ្វើជាផ្លូវបេតុងដែលមានទទឹង០៨ម៉ែត្រកម្រាស់១.៥ម៉ែត្រ និងរៀបចំចិញ្ចើមផ្លូវលម្អដោយផ្កា និងដាំកូនឈើ ឲ្យមានសោភ័ណភាពផងដែរ៕