(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ អង្គការសុខភាពពិភពលោកប្រចាំតំបន់ បានសម្រេចផ្តល់ពានរង្វាន់ប្រចាំឆ្នាំ២០២៣ «ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់» ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា។

ពានរង្វាន់នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវគោលនយោបាយ និងការលើកកម្ពស់ការហាមឃាត់ការប្រើប្រាស់ ការផលិតផលថ្នាំជក់នៅតាមគ្រឹះស្ថានសិក្សាក្នុងប្រទេសកម្ពុជា នាពេលកន្លងមកប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល និងក្រសួងអប់រំ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកស្រីវេជ្ជបណ្ឌិត ណាគីសា កូចាវ៉ា តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល សមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ តំណាងមជ្ឈមណ្ឌលជាតិ នាយកដ្ឋាន មន្ទីរពេទ្យ និស្សិត ព្រមទាំងអង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលនានាដែលពាក់ព័ន្ធ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ការទទួលបាននូវពានរង្វាន់នេះ ពិតជាបានឆ្លុះបញ្ចាំង និងឈរលើមូលដ្ឋាននៃសមិទ្ធផលសំខាន់ៗ ដែលក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមចំណែកជាបន្តបន្ទាប់ ក្នុងការបង្ការទប់ស្កាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ក្នុងវិស័យអប់រំ។

ពានរង្វាន់ដែលក្រសួងអប់រំ យុវជន និងកីឡាបានទទួលនាពេលនេះ ពិតជាកម្លាំងជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បុគ្គលិកអប់រំ និងអ្នកសិក្សាទូទាំងប្រទេស ឱ្យខិតខំបំពេញបេសកកម្មបន្ថែមទៀត ក្នុងការចូលរួមថែរក្សានិងពង្រឹងសមិទ្ធផលនាពេលកន្លងមកប្រកបដោយភាពស្វាហាប់ ព្រមទាំងបន្តលើកកម្ពស់ការអនុវត្តសកម្មភាពថ្មីៗបន្ថែមទៀតក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយភាពពេញលេញ ទាំងសុខភាពសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដើម្បីឱ្យសង្គមកម្ពុជាប្រកបដោយសក្តានុពល និងមានវិបុលភាព។

ទិវាពិភពលោកគ្មានថ្នាំជក់ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលកំណត់ឡើងដោយអង្គការសុខភាពពិភពលោក ចាប់តាំងពីឆ្នាំ១៩៨៧ បានប្រារព្ឋឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែឧសភា ដើម្បីរំលឹកអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ របស់ផលិតផលថ្នាំជក់មកលើសុខភាព សេដ្ឋកិច្ច បរិស្ថាននិងសង្គម និងសូមអំពាវនាវដល់រដ្ឋភាគីទាំងអស់ ព្រមទាំងដៃគូពាក់ព័ន្ធរួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងទប់ស្កាត់មនុស្សបច្ចុប្បន្ន និងជំនាន់ក្រោយពីការប្រើប្រាស់ផលិតផលថ្នាំជក់។ ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៣នេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យើងត្រូវការអាហារ មិនមែនថ្នាំជក់» ដោយផ្តោតលើការជំរុញការដាំដុះដំណាំអាហារប្រកបដោយនិរន្តរភាពជំនួសឲ្យដំណាំថ្នាំជក់៕