(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact នឹងរៀបចំវេទិកាទស្សនកិច្ចការងារស្តីពី «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» នៅខេត្តគោលដៅចំនួន ៤ មាន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាម។

វេទិកានេះ នាំយកឱកាសការងារ ក្នុងវិស័យធំៗដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម សរុបប្រមាណ ១.៥ ម៉ឺន កន្លែងពីក្រុមហ៊ុនធំៗជាច្រើន ដើម្បីផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។

កម្មវិធី វេទិកាទស្សនកិច្ចការងារ នឹងចាប់ផ្តើមដំបូងក្នុងខេត្តបាត់ដំបង នាថ្ងៃពុធ ទី៣១ ខែឧសភានេះ នៅក្នុងទីតាំងសាលមហោស្រពស្ទឹងសង្កែ បន្ទាប់មក នៅខេត្តសៀម នៅថ្ងៃសុក្រ ទី០២ ខែមិថុនា នៅសាកលវិទ្យាល័យបៀលប្រាយ។ ចំណែកឯ ខេត្តកំពង់ធំ  នឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងចុងក្រោយនៅខេត្តកំពង់ចាម ថ្ងៃអង្គារ ទី០៦ ខែមិថុនា នៅអគារសហភាពសហព័ន្ធយុវជនកម្ពុជា។ ដូច្នេះ យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការងារក្នុងខេត្តគោលដៅទាំង ៤ កុំភ្លេចត្រៀម CVs ដើម្បីចូលរួមដាក់ពាក្យស្វែងរកការងារជាមួយក្រុមហ៊ុន សហគ្រាស ដែលខ្លួនពេញចិត្ត។

វេទិកាទស្សនកិច្ចការងារនេះ មានគោលបំណងនាំយកឱកាសការងារ កម្មសិក្សាការងាររាប់ម៉ឺនកន្លែង និងព័ត៌មានវគ្គបណ្តុះបណ្តាលជំនាញជូនដល់អ្នកស្វែងរកការងារ យុវជន សិស្ស-និស្សិត និងសាធារណជន ព្រមទាំងផ្តល់ឱកាសជូននិយោជកដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មបានជួបដើម្បីធ្វើការសម្ភាសជាមួយអ្នកស្វែងរកការងារ។ ស្របពេលជាមួយគ្នា វេទិកានេះក៏មានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសំណាក់វាគ្មិនជំនាញ ជូនដល់អ្នកស្វែងរកការងារ យុវជន និងសិស្ស-និស្សិត អំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ សម្រាប់ការបង្កើនឱកាសទទួលបានការងារធ្វើកាន់តែប្រសើរ។

គួរបញ្ជាក់ផងដែរថា វេទិកាការងារ និង សិក្ខាសាលាអំពីការត្រៀមខ្លួនចូលទីផ្សារការងារ គឺយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលតាមរយៈ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយស្វែងការងារធ្វើជូនដល់យុវជន ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិកនិងកម្មករនិយោជិត។

សម្រាប់ព័ត៌មានពិស្តារស្ដីពីវេទិកាទស្សនកិច្ចការងារនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣ / ០១៧ ៨៧១ ៨០៧៕

http://image.freshnewsasia.com/2021/id-022/fn-2023-05-29-21-28-13-3.JPG http://image.freshnewsasia.com/2021/id-022/fn-2023-05-29-21-28-14-4.JPG http://image.freshnewsasia.com/2021/id-022/fn-2023-05-29-21-28-16-5.JPG http://image.freshnewsasia.com/2021/id-022/fn-2023-05-29-21-28-18-6.JPG http://image.freshnewsasia.com/2021/id-022/fn-2023-05-29-21-28-19-7.JPG http://image.freshnewsasia.com/2021/id-022/fn-2023-05-29-21-28-21-8.JPG