(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់ លោក វ៉ូឡូឌីមៀ ហ្សេលិនស្គី (VOLODYMYR ZELENSKYY) ប្រធានាធិបតីអ៊ុយក្រែនថា កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ការបញ្ជាក់ជំហរនេះ បានធ្វើឡើងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកទី២ រវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីអ៊ុយក្រែន ដែលជំនួបនេះធ្វើឡើងតបតាមសំណើរបស់ លោក ហ្សេលិនស្គី។

«សម្តេចតេជោ បានគូសបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់កម្ពុជា ចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន។ កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស អំពីលទ្ធផលនៃជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ និង​លោក ហ្សេលិនស្គី។

ប្រទេសកម្ពុជា បានចូលរួមជាសហស្ថាបនិក នៃសេចក្តីសំរេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់ មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅអ៊ុយក្រែន ដែលធ្វើឡើង កាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។ សេចក្តីសម្រេចចិត្តនេះបានថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែន។

នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាលើកទី២នេះ លោកប្រធានាធិបតី បានរំលឹកសាជាថ្មី និងថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាតិ និងជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។

សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែន មានសេចក្តីសោមនស្សរីករាយដែលបានជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាលើកទី២ ជាមួយ លោក វ៉ូឡូឌីមៀ ហ្សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន និងបានសង្តត់ធ្ងន់ អំពីសារៈសំខាន់នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្តែងដើម្បីបញ្ចប់សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន។

លោក ប្រធានាធិបតី បានថ្លែងអំណរគុណជូន សម្តេចតេជោ ចំពោះជំនួបតាមទូរសព័្ទដ៏រាក់ទាក់នេះ ហើយបានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅជូនចំពោះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយលោកបានជូនពររាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ទទួលបានសន្តិភាព និង វិបុលភាពជានិរន្តរ៍៕