(បាត់ដំបង)៖ អតីតថ្នាក់ដឹកនាំបក្សភ្លើងទៀនក្នុងខេត្តបាត់ដំបង ៣រូបទៀត ត្រូវបាន​ប្រកាស​បញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេសម្រេចដើរចេញ​ពីអតីត​បក្សរបស់ខ្លួន ហើយសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។

អតីតថ្នាក់ដឹកនាំបក្សភ្លើងទៀនក្នុងខេត្តបាត់ដំបង ដែលប្រកាសបញ្ចូលជាសមាជិក​គណ​បក្សប្រជាជនកម្ពុជានេះ រួមមាន៖ លោក យួម ដូង អតីតប្រធានគណៈកម្មាធិការប្រតិបត្តិ​គណ​បក្សភ្លើងទៀនក្រុងបាត់ដំបង, លោក ហុង ថុណា អតីតសមាជិកគណៈកម្មា​ធិការ​ប្រតិ​បត្តិគណបក្សភ្លើងទៀន ខេត្តបាត់ដំបង និងលោក សឹម បូរី អតីតអនុប្រធានគណៈ​កម្មាធិការ​ប្រតិបត្តិ​គណ​បក្សភ្លើងទៀនក្រុងបាត់ដំបង ស្រុកកំរៀង ខេត្តបាត់ដំបង។

ពិធីប្រកាសបញ្ចូលអតីតមេដឹកនាំបក្សភ្លើងទៀនក្នុងខេត្តបាត់ដំបង ជាសមាជិកបក្សប្រជា​ជន​កម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព​លោក សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង។ ក្នុងពិធីនោះ ក៏មានការ​អញ្ជើញចូលរួមពីលោក យូ សិរីវុឌ្ឍ និងលោក កែវ ផុង ផងដែរ។

ក្នុងពិធីនោះ លោក សុខ លូ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានថ្នាក់ដឹកនាំ គណបក្សភ្លើងទៀន ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន​កម្ពុជា។

លោកបានចាត់ទុកការសម្រេចចិត្តរបស់ពួកគេ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីរួមគ្នា កសាង និងអភិវ្ឍន៍ប្រទេសជាតិ ជាមួយគណបក្សប្រជាជន និងរាជរដ្ឋាភិបាល។ លោក សុខ លូ បានណែនាំឱ្យអតីតមេដឹកនាំបក្សភ្លើងទៀនក្នុងខេត្តបាត់ដំបង ខិតខំកៀរគរ សមា​ជិក សមាជិការបស់ខ្លួន ទៅបោះឆ្នោតជូនគណបក្សប្រជាជន ឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យគណបក្សប្រជាជន បានបំពេញបេសកកម្មបម្រើប្រជាពលរដ្ឋតទៅទៀត។

លោក សុខ លូ បានបន្ថែមទៀតថា ការបោះឆ្នោតមានគណបក្សជាច្រើន បានចូលរួម ប៉ុន្តែគណបក្សប្រជាជននៅតែជាតួអង្គដ៏សំខាន់ ដែលអាចធានាបានសុខសន្តិភាពយូរ​អង្វែងសម្រាប់ប្រជាជន។

សូមបញ្ជាក់ថា អតីតមេដឹកនាំបក្សភ្លើងទៀនក្នុងខេត្តបាត់ដំបូងទាំង៣រូបខាងលើនេះ បានសម្រេចចាកចេញពីគណបក្សភ្លើងទៀន បន្ទាប់ពីពួកគេអស់ជំនឿជាមួយគណបក្សនេះ។ ជាពិសេសការប្រព្រឹត្តអំពើពុករលួយ និងបក្ខពួកនិយមរបស់ថ្នាក់ដឹកនាំបក្ស៕