(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងអំណរព្រះរាជគុណ និងថ្លែងអំណរគុណដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានឧបត្ថម្ភថវិកា និងសម្ភារៈដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣។

ក្នុងលិខិតថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា «ក្នុងនាម កាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់សូមក្រាបបង្គំថ្វាយអំណរ ព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពជា ដើម្បីបរិយាបន្នសង្គម។

 ក្នុងនាម កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានកិត្តិយសសូមថ្លែងអំណរព្រះគុណ និងអរគុណចំពោះ ព្រះសង្ឃ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា កុមារា កុមារី ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានឧបត្ថម្ភថវិកា និងសម្ភារៈដល់កាកបាទក្រហមកម្ពុជា ហើយដែលគិតមកដល់ថ្ងៃនេះ មានសប្បុរសជនសរុបចំនួន ៩៩៧អង្គ/នាក់ និងទទួលបានមូលនិធិសរុបសមមូលជាប្រាក់ដុល្លារចំនួន 13,818,592 ដុល្លារអាម៉េរិក រួមជាមួយរថយន្ត Pick Up ម៉ាក Ford Ranger XLS ឆ្នាំ2022 ពណ៌ស ១គ្រឿង, រថយន្តម៉ាក HYUNDAI VIP ៧កៅអី ឆ្នាំ២០២៣ចំនួន ១គ្រឿង, រថយន្តដឹកជញ្ជូនចំណុះ 2,5តោន ម៉ាក ISUZU ឆ្នាំ២០២៣ ១គ្រឿង, ម៉ូតូអគ្គិសនី ១០គ្រឿង និងមួកសុវត្ថិភាពចំនួន ៥០០ ថែមទៀត។ ការចូលរួមគាំទ្ររបស់សប្បុរសជនទាំងអស់ គឺជាសក្ខីភាពនៃការស្រទ្បាញ់ និងការជឿទុកចិត្តចំពោះកាកបាទក្រហមកម្ពុជាក្នុងប្រតិបត្តិការមនុស្សធម៌ស្របតាមពាក្យស្លោក “អ្វីៗគ្រប់យ៉ាងដែលយើងធ្វើគឺចេញពីបេះដូង"។

កាកបាទក្រហមកម្ពុជា នឹងចាត់ចែងប្រើប្រាស់មូលនិធិ និងសម្ភារៈដែលទទួលបានពីសប្បុរសជន ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ប្រកបដោយតម្លាភាព និងគណនេយ្យភាព និងប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការរួមចំណែក លើកកម្ពស់បរិយាបន្នសង្គមដែលមនុស្សគ្រប់ៗរូប ត្រូវបានទទួលការគោរព ការទទួលស្គាល់ពីសង្គម ការផ្តល់អំណាចនិងផ្តល់ឱកាសចូលរួមការងារសង្គម និងទទួលផលពីការអភិវឌ្ឍដោយគ្មានអ្នកណាម្នាក់ត្រូវទុកចោលទ្បើយ។

កាកបាទក្រហមកម្ពុជា សូមក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង ហ្លួងម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមប្រគេនពរ និងជូនពរ ព្រះសង្ឃ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ៕