(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកងមាស បានកោតសរសើរខ្ពស់ ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តែងតែមានសកម្មភាពយ៉ាងសកម្ម ចុះជួយពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី និងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្មជាច្រើនលើកច្រើនសារ ក្នុងខេត្តកំពង់ចាម ។

ដោយមានការចង្អុលបង្ហាញពីលោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី, ឱកាសនោះផងដែរ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នាំយកអំណោយថ្នាំពេទ្យ និងដឹកនាំសម្របសម្រួល ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៥០០នាក់ បានចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម សង្គ្រោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺ និងចែកឱសថ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងបានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីលោក ហ៊ុន ម៉ានី ជូនចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលកំពុងស្ម័គ្រចិត្តបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ ដូសទី៥ និងដូសទី៦ ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម រួមទាំងប្រជាពលរដ្ឋ កម្មករ ចូលរួម ចំនួន ៧,៣២៧នាក់ ស្រ្តីមានចំនួន ៤,៣៥៦នាក់ នៅវិទ្យាល័យ ហ៊ុន សែន កងតាណឹង ភូមិ៨ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

ការចុះពិនិត្យ និងព្យាបាលរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រិចិត្ត លោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតិភាពលោកមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយស្រុកកងមាស ដោយមានការសហការជាមួយ លោក ហាន កុសល អភិបាលរងខេត្តតំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក ភោគ សាវុធ អភិបាលស្រុកកងមាស សហភាពសហព័ន្ធយុវជនកម្ពុជា សកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរិទ្ធិកម្ពុជា ព្រមទាំងអាជ្ញាធរដែលពាក់ព័ន្ធ និងក្រុមការងារ ហើយនិងមានការចូលរួមពី លោក វេជ្ជបណ្ឌិត ជឹម គឹមស្រួន អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ខេត្តកំពង់ចាម លោកសាស្រ្តាចារ្យ សាផុន វឌ្ឍន: អនុប្រធានប្រតិបត្តិ ទទួលប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាស្រ្តសុខាភិបាល ។

ឱកាសនោះផងដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណ លោក ហ៊ុន ម៉ានី ដែលបានចាត់តាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ជាច្រើនលើកមកខេត្តកំពង់ចាម ក្នុងការពិនិត្យនិងព្យាបាល ចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងចុះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។

លោក លេង ផាលី បានឲ្យដឹងថា ក្នុងរយៈពេល១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៨ ឧសភា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១២,០៦៩នាក់ (មួយម៉ឺន ពីរពាន់ ហុកសិប ប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់ (ប្រាំមួយពាន់បួនរយកៅសិបប្រាំនាក់)។

លោក លេង ផាលី បានបន្តថា «គិតត្រឹម ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៣ បានចំនួនបានចំនួន ២ ភាគ ៣ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,០៩១,៤៦៤ នាក់ (ដប់ប្រាំពីរលាន ប្រាំបួនម៉ឺន មួយពាន់ បួនរយ ហុកសិប បួននាក់) ធៀបនឹងឆ្នាំ២០២៣ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ។ ជាពិសេសទៅទៀតក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១០,៥៤៣,២៣៩ដូស (ដប់លាន ហាសិបបួនម៉ឺនបីពាន់ពីររយសាមសិបប្រាំបួន ដូស) ក្នុង ២៥ រាជធានី-ខេត្ត ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងាយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៥៨៦,៤១៣,៥៥០ដុល្លារ (ប្រាំរយប៉ែតសិបប្រាំមួយលានសែសិបមួយម៉ឺនបីពាន់ ប្រាំរយ ហាសិប ដុល្លារសហរដ្ឋអាមេរិក)»

ជាចុងក្រោយ លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមទៀតថា «ពិតជាត្រឹមត្រូវណាស់ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាតម្រូវការចាំបាច់ ដើម្បីអនាគតល្អយូរអង្វែងសំរាប់កូនចៅយើងជំនាន់ក្រោយ និងជាតិមាតុភូមិរបស់យើង។ ដូចនេះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នានឹងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាបន្តទៅទៀត ដែលមានលេខរៀងទី១៨។ សូមអរគុណបងប្អូនទាំងអស់ ដែលតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ យើងទាំងអស់គ្នាប្តេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍។ សន្តិភាព និង គោលនយោបាយវ៉ាក់សាំង បានផ្តល់ឱកាសឱ្យមានការជួបជុំ និងបើកសេដ្ឋកិច្ចជាតិឡើងវិញ»

សូមជម្រាបថា ការដឹកនាំនិងសម្របសម្រួលដោយ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លា ដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ១០៧០លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១១,៧២៨,២៧១នាក់ (ដប់មួយលាន ចិតសិបពីរម៉ឺន ប្រាំបីពាន់ ពីររយ ចិតសិប មួយ នាក់) ក្នុងនោះស្ត្រីមានចំនួន ៥,៩៨៨,៤៦៩នាក់ (ប្រាំលានកៅសិបប្រាំបីម៉ឺនប្រាំបីពាន់បួនរយហុកសិបប្រាំបួននាក់)៕

ទស្សនាវិដេអូ៖ https://fb.watch/kQeie_lubK/