(ហ្សាការតា, ឥណ្ឌូនេស៊ី)៖ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ស្តីពីការវិវត្តន៍ចុងក្រោយ នៃទំនាក់ទំនងរវាងអាស៊ាន និងសហភាពអឺរ៉ុប ព្រមទាំងបានពិភាក្សាលើបញ្ហាតំបន់ និងពិភពលោកផ្សេងទៀត។

នៅក្នុងឱកាសនោះដែរ លោក Igor Driesmans បានជម្រាបជូនអគ្គលេខាធិការអាស៊ានថា គាត់នឹងទៅបំពេញភារកិច្ចជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅខែសីហា ខាងមុខនេះ។

ដោយឡែកកាលពីព្រឹកថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន ក៏បានទទួលជួបពិភាក្សាការងារជាមួយលោក Wang Xiaohui  លេខាបក្សកុម្មុយនិស្តនៃ គណៈកម្មាធិការខេត្តស៊ីឈាន់ និងជាប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាប្រជាជនខេត្តស៊ីឈាន់។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងបានពិនិត្យមើលលទ្ធភាពដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត រវាងអាស៊ាន និងខេត្តស៊ីឈាន់។

ជាមួយគ្នានេះ នៅរសៀលថ្ងៃចន្ទនេះ លោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយលោក Guy Ryder អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកគោលនយោបាយ នៅក្នុងការិយាល័យ ប្រតិបត្តិរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានបញ្ជាក់ឡើងវិញពីសារៈសំខាន់ នៃភាពជាដៃគូអាស៊ាន-អង្គការសហប្រជាជាតិ ចំពោះតំបន់ និងពិភពលោកទាំងមូល ហើយក៏បានផ្លាស់ប្តូរទស្សនៈលើគំនិតផ្តួចផ្តើម និងអាទិភាពនានាថ្មីៗ បង្អស់របស់អង្គការសហប្រជាជាតិ សំដៅធ្វើយ៉ាងណាឱ្យភាពជាដៃគូកាន់តែជិតស្និទ្ធ ដើម្បីផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជន៕