(បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្ត្រីក្រោមឱវាទ បានរៀបចំបើកការបណ្តុះបណ្តាល ស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក សុជីវធម៌ក្នុងការបើកបរ និងសញ្ញា

ចរាចរណ៍ផ្លូវគោក ជូនដល់សិក្ខាកាមដែលជាអ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ចំនួន៧៤នាក់ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ដើម្បីត្រៀមប្រឡងយកបណ្ណបើកបរ នៅមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តបាត់ដំបង។

លោក ព្រួញ រិទ្ធថា បានឲ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះថា មន្ទីរជំនាញ បានបើកវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីបង្កើនការយល់ដឹង ស្ដីពីច្បាប់ចរាចរណ៍ជូនដល់អ្នករត់ម៉ូតូកង់បី និងផាស់អាប់ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។

ទន្ទឹមគ្នានេះ លោក ព្រួញ រិទ្ធថា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ អ្នករត់ម៉ូតូកង់បី ក្នុងខេត្តបាត់ដំបង នឹងកាន់តែយល់ដឹងបន្ថែមទៀត ពីច្បាប់ចរាចរណ៍ ការបើកបរ និងការប្រើប្រាស់ដងផ្លូវសាធារណ:។

លោកបានបន្តទៀតថា ការបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកបើកបរ និងអ្នកប្រកបមុខរបររត់ម៉ូតូកង់បី ដែលមិនទាន់មានបណ្ណបើកបរ ត្រូវមានបណ្ណបើកបរពិតប្រាកដ ព្រោះបណ្ណបើកបរនេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបញ្ជ្រាបការយល់ដឹងពីច្បាប់ចរាចរណ៍បន្ថែមទៀតដល់ពួកគាត់។

បន្ថែមពីនេះ លោកប្រធានមន្ទីរសាធារណការ ក៏បានអំពាវនាវដល់អ្នកបើកបរ ទាល់តែមានបណ្ណបើកបរ ទើបមានសិទ្ធបើកបរស្របទៅតាមច្បាប់កំណត់ និងបានអំពាវនាវអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ ត្រូវបង្កើនការគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានច្រើនបំផុត៕