(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីចែកលិខិតសរសើរ ដល់កម្លាំងនគរបាលទូទាំងខេត្ត សរុបចំនួន៥១៨នាក់នាក់ ដែលមានស្នាដៃល្អ ក្នុងកិច្ចការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនជាតិ មាតុភូមិកន្លងមក។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង, លោក លោកស្រីវរសេនីយ៍ នាយ នាយរង ការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោកទាំង៤ លោកមេប៉ុស្តិ៍ទាំង៦៧ និងមន្ត្រីនគរបាលជាច្រើនរូប។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដែលបានបំពេញបេសកម្ម បំពេញការងារ តួនាទី ភារកិច្ច បានលទ្ធផលយ៉ាងល្អគួជាទីមោទនៈ ទាំងការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណ: ការងារគ្រោះមន្តរាយ ការងារសង្គម ការប្រចាំបញ្ជា យាមល្បាត ការទប់ស្កាត់ បង្ការ បង្ក្រាបសង្គ្រោះជាដើម។

លោកឧត្តមសេនីយ៍ទោស្នងការ បានជំរុញដល់កងកម្លាំងទាំងអស់ត្រូវគោរពច្បាប់ និងគោរពវិន័យ០០៦, បន្តសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ, ត្រូវអនុវត្តតួនាទី ភារកិច្ច និងបទបញ្ជារបស់ថ្នាក់លើឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់៕