(ពោធិ៍សាត់)៖ លោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ និងលោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកសន្និបាតបូកសរុបការងារក្រុមប្រឹក្សាគណៈ ឱសថការីខេត្តពោធិ៍សាត់ អាណត្តិទី២ និងលើកទិសដៅបន្ត ព្រមទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈឱសថការីខេត្តពោធិ៍សាត់ អាណត្តិទី៣។

អង្គសន្និបាតនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ដោយបានការចូលរួមពីលោកឱសថការី តុប វុទ្ធី ប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្តពោធិ៍សាត់ លោក លោកស្រី ជាប្រធានគណៈវិជ្ជាជីវៈទាំង០៤ និងសមាជិកឱសថការីខេត្តសរុប ជិត៦០នាក់។

លោកឱសថការី តុប វុទ្ធី បានថ្លែងលើកឡើងថា ក្នុងឆ្នាំ២០២២ គណៈឱសថការីខេត្តពោធិ៍សាត់ មានសមាជិក សមាជិកាចំនួនសរុប៥៤នាក់(ស្រី៤០នាក់)។ ក្រុមប្រឹក្សាគណៈឱសថការីខេត្តពោធិ៍សាត់ បានសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ បាន ធវើកិច្ចប្រជុំស្តីពីច្បាប់ និងលិខិតបទដ្ឋានទាក់ទងនិងវិស័យឱសថសាស្ត្រ រួមមាន ច្បាប់ស្ដីពីការគ្រប់គ្រងឱសថ ច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗ បានចំនួន ៣លើក។

លោកឱសថការី តុប វុទ្ធី បន្ថែមថា សមាជិកគណៈឱសថការីខេត្ត បានសហការជាមួយ មន្ទីរសុខាភិបាលខេត្ត ក្នុងការជួយទប់ស្កាត់ ជំងឺកូវីដ១៩ នាពេលកន្លងមក តាមគ្រឹះស្ថានសាធារណៈ ដូចជាមន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក។ សមាជិក សមាជិកា បានចូលរួមវគ្គបណ្តុះបណ្តាលអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ទាំងតាមអនឡាញ និងដោយផ្ទាល់ ជាមួយគ្រឹះស្ថានដែលបានទទួលអាជ្ញាបណ្ណពីគណៈឱសថការីជាតិ ក្នុងការបណ្តុះបណ្តាល ដើម្បីពង្រីកវិជ្ជាជីវៈរបស់ខ្លួន។

បន្ទាប់ពីលោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានមានមតិចំណាប់អារម្មណ៍ជូនអង្គពិធីនោះរួចមក, ថ្លែងក្នុងអង្គសន្និបាត លោកឱសថការី បាន បុត្តា បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងបានកោតសរសើរ ចំពោះគណៈឱសថការីខេត្តពោធិ៍សាត់ អាណត្តិទី២ ដែលបានខិតខំអភិវឌ្ឍន៍ វិជ្ជាជីវៈក្នុងវិស័យសុខាភិបាលប្រកបដោយប្រសិទ្ធភាព។

លោកអនុរដ្ឋលេខាធិការ ក៏បានថ្លែងបន្តថា ការប្រគល់ជូនវិញ្ញាបនបត្រ បញ្ចីកាឱសថការីកម្ពុជា គឺគណៈឱសថការីកម្ពុជា បានអនុវត្តឡើងអនុលោមតាមច្បាប់ស្តីពី ការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រអមវេជ្ជសាស្ត ក្នុងគោលបំណងដើម្បីជំរុញការអនុវត្តច្បាប់ ស្ដីពីការគ្រប់គ្រងផ្ទៃក្នុងប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល និងកំណត់ចំនួនអប្បបរមា ដើម្បីស្នើសុំនឹងបន្ត អាជ្ញាប័ណ្ណឱសថការី ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព នឹងតម្លាភាព។

លោកឱសថការី បាន បុត្តា បានថ្លែងសង្កត់ធ្ងន់ថា អង្គសន្និបាតពេលនេះពិតជាមានសារសំខាន់ណាស់ ចំពោះសមាជិក សមាជិកា ដើម្បីបំពេញឲ្យបានពិន្ទុ សម្រាប់ទទួលបាននូវអាជ្ញាប័ណ្ណឱសថការីតាមលក្ខខណ្ឌតម្រូវ សំដៅធានាការអភិវឌ្ឍវិជ្ជាជីវៈបន្តបង្កើនចំណេះដឹង សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ក្នុងការផ្តល់សេវាសុខាភិបាល ដល់អ្នកជំងឺ ឬអតិថិជន ស្របតាមក្រមសីធម៍ បទដ្ឋានច្បាប់ផងដែរ។

សូមជម្រាបជូនថា អង្គសន្និបាតនេះមានបេក្ខជនឈរឈ្មោះ ក្រុមប្រឹក្សាគណៈឱសថខេត្តពោធិ៍សាត់ អាណត្តិទី៣ ចំនួន០៦រូប ដែលមានសមាជិក សរុប៤៤នាក់ ហើយបេក្ខជន តុប វុទ្ធី ទទួលបានសំលេងគាំទ្រច្រើនជាងគេ គឺសំលេង៣៣/៤៤ បានជាប់ជាប្រធានប្រឹក្សាគណៈឱសថការីខេត្តពោធិ៍សាត់ សម្រាប់អាណត្តិទី៣បន្តទៀត៕