(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកស្រីវេជ្ជបណ្ឌិត ណាគីសា កូចាវ៉ា តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល សមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ តំណាងមជ្ឈមណ្ឌលជាតិ នាយកដ្ឋាន មន្ទីរពេទ្យ និស្សិត ព្រមទាំងអង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលនានាដែលពាក់ព័ន្ធ។

ទិវាពិភពលោកគ្មានថ្នាំជក់ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលកំណត់ឡើងដោយអង្គការសុខភាពពិភពលោក ចាប់តាំងពីឆ្នាំ១៩៨៧ បានប្រារព្ឋឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែឧសភា ដើម្បីរំលឹកអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់ផលិតផលថ្នាំជក់មកលើសុខភាព សេដ្ឋកិច្ច បរិស្ថាននិងសង្គម និងសូមអំពាវនាវដល់រដ្ឋភាគីទាំងអស់ ព្រមទាំងដៃគូពាក់ព័ន្ធរួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងទប់ស្កាត់មនុស្សបច្ចុប្បន្ន និងជំនាន់ក្រោយពីការប្រើប្រាស់ផលិតផលថ្នាំជក់។ ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៣នេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យើងត្រូវការអាហារ មិនមែនថ្នាំជក់» ដោយផ្តោតលើការជំរុញការដាំដុះដំណាំអាហារប្រកបដោយនិរន្តរភាពជំនួសឲ្យដំណាំថ្នាំជក់។

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «ឆ្នាំនេះ ក្រសួងសុខាភិបាលមានមោទនភាពប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបានពានរង្វាន់ពីអង្គការសុខភាពពិភពលោក សម្រាប់កិច្ចខិតខំប្រឹងប្រែងជំរុញយ៉ាងសកម្មក្នុងការងារអនុវត្តទីកន្លែងធ្វើការ និងទីកន្លែងសាធារណៈគ្មានផ្សែងបារី និងគ្រឹះស្ថានសិក្សាគ្មានផ្សែងបារី។ ក្នុងនាមគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំពិតជាមានមោទនភាព និងសូមថ្លែងការអបអរសាទរដល់ក្រសួងអប់រំ យុវជននិងកីឡា ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលចូលរួមជំរុញការងារត្រូតពិនិត្យផលិតផលថ្នាំជក់»

លោកសាស្ដ្រាចារ្យបានគូសបញ្ជាក់ថា ថ្នំាជក់ ជាហានិភ័យនៃជំងឺមិនឆ្លងនានាដូចជា ជំងឺមហារីក ជំងឺសរសៃឈាម និងបេះដូង ជំងឺសួត ប៉ះពាល់ដល់សរីរាង្គទាំងអស់ និងប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម។ សន្លឹកថ្នាំជក់ស្រស់ក៏មានសារជាតិនីកូទីន និងជាតិជ័រថាដែលអាចប៉ះពាល់សុខភាពកសិករ ដូចជា ការកើតជំងឺថ្នាំជក់ស្រស់ដែលមានរោគសញ្ញា ដូចជា ក្អួត ចង្អោរ វិលមុខ ឈឺក្បាល បែកញើស ញាក់ ឈឺពោះ រាគ ខ្សោយ ពិបាកដកដង្ហើម និងច្រើនទៀត។

កសិករថ្នាំជក់ត្រូវបានប៉ះពាល់ជារៀងរាល់ថ្ងៃទៅនឹងកំទេចកំទីថ្នាំជក់ និងថ្នាំពុលគីមីផ្សេងទៀត។ ការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបង្ហាញថា កសិករថ្នាំជក់ដែលដាំដុះ និងប្រមូលផលថ្នាំជក់អាចស្រូបយកជាតិ នីកូទីនស្មើនឹង ៥០បារី ជារៀងរាល់ថ្ងៃ។ លើសពីនេះ កសិករថ្នាំជក់តែងតែនាំយកសារធាតុគ្រោះថ្នាក់មកផ្ទះនៅលើខ្លួនប្រាណ សម្លៀកបំពាក់ ឬស្បែកជើង ដែលនាំឲ្យមានគ្រោះថ្នាក់បន្ទាប់បន្សំសម្រាប់គ្រួសាររបស់ពួកគេជាពិសេសកុមារ។

ទន្ទឹមនឹងនេះ ការដាំដុះថ្នាំជក់ទាមទារការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតខ្លាំង និងជីយ៉ាងច្រើន ដែលរួមចំណែកដល់ការរិចរិលដី។ សារធាតុគីមីចូលទៅក្នុងបរិយាកាស ក្នុងទឹក បំពុលបឹង ទន្លេ និងទឹកផឹក។ ដីដែលប្រើសម្រាប់ដាំថ្នាំជក់ មានជីជាតិថយចុះដែលធ្វើឲ្យការដាំដំណាំអាហារផ្សេងទៀតមានផលទាប។ ដូច្នេះ អង្គការសុខភាពពិភលលោកលើកទឹកចិត្តរដ្ឋភាគីផ្លាស់ប្តូរពីដំណាំថ្នាំជក់មកដំណាំជាអាហារវិញ។

រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ដោយដាក់ចេញនូវច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗជាបន្តបន្ទាប់។

ក្រសួងសុខាភិបាលបានសហការជាមួយក្រសួងពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ជាពិសេសក្រសួងអប់រំ យុវជននិងកីឡា ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ជាដើម និងបានសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិជំរុញការអនុវត្តច្បាប់ដោយលើកទឹកចិត្តទីក្រុង ស្រុក ខេត្ត អនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាឲ្យមានប្រសិទ្ធភាព ជំរុញការអប់រំ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃថ្នាំជក់ដើម្បីបង្ការជំងឺមិនឆ្លងនៅទូទាំងប្រទេស។ ការអង្កេតថ្នាក់ជាតិលើមនុស្សពេញវ័យស្តីពីថ្នាំជក់ ឆ្នាំ២០២១ បានបង្ហាញថា ការប្រើប្រាស់ផលិតផលថ្នាំជក់នៅកម្ពុជា មានការថយចុះ។

អត្រាប្រេវ៉ាឡង់ការជក់ថ្នាំជក់ក្នុងចំណោមមនុស្សពេញវ័យអាយុ ១៥ឆ្នាំឡើង មានការថយចុះពី ១៧% ក្នុងឆ្នាំ២០១៤ មកត្រឹម ១៥% ក្នុងឆ្នាំ២០២១ និងអត្រាប្រេវ៉ាឡង់ការជក់បារីក៏មានការថយចុះពី ១៧% ក្នុងឆ្នាំ២០១៤ មកត្រឹម ១៣% ក្នុងឆ្នាំ២០២១។ អត្រាប្រេវ៉ាឡង់ការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមយុវវ័យអាយុ ១៣-១៥ឆ្នាំឡើង មានការថយចុះពី ៦.៣% ក្នុងឆ្នាំ២០១០ មកត្រឹម ២.៤% ក្នុងឆ្នាំ២០១៦។

លោកសាស្ដ្រាចារ្យបានបានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ជំរុញការអនុវត្តទីក្រុងគ្មានផ្សែងបារី ចូលរួមអនុវត្ត និងជំរុញការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នំាជក់ឲ្យមានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ យុវជន យុវនារីគ្រប់រូប កុំសាកល្បងប្រើប្រាស់ផលិតផលថ្នាំជក់ទោះជាក្នុងទំរង់ណាក៏ដោយ។ អ្នកប្រើប្រាស់ផលិតផលថ្នាំជក់ សូមលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ ដោយស្វែងរកការគាំទ្រត្រឹមត្រូវពីមណ្ឌលសុខភាព ឬតាមរយៈទូរស័ព្ទ ០១៧ ៧៩២ ៤០៧។

គួររម្លឹកថា «ទិវាពិភពលោកឆ្នាំ២០២៣នេះ អង្គការសុខភាពពិភពលោក បានផ្តល់ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៣ ជូនក្រសួងអប់រំ យុវជន និងកីឡា ដែលបានទទួលជោគជ័យក្នុងការជំរុញយ៉ាងសកម្មក្នុងការអនុវត្តគ្រឹះស្ថានសិក្សាគ្មានផ្សែងបារី» លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ការទទួលបាននូវពានរង្វាន់នេះ ពិតជាបានឆ្លុះបញ្ចាំង និងឈរលើមូលដ្ឋាននៃសមិទ្ធផលសំខាន់ៗ ដែលក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមចំណែកជាបន្តបន្ទាប់ ក្នុងការបង្ការទប់ស្កាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ក្នុងវិស័យអប់រំ។

ពានរង្វាន់ដែលក្រសួងអប់រំ យុវជន និងកីឡាបានទទួលនាពេលនេះ ពិតជាកម្លាំងជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បុគ្គលិកអប់រំ និងអ្នកសិក្សាទូទាំងប្រទេស ឱ្យខិតខំបំពេញបេសកកម្មបន្ថែមទៀត ក្នុងការចូលរួមថែរក្សានិងពង្រឹងសមិទ្ធផលនាពេលកន្លងមកប្រកបដោយភាពស្វាហាប់ ព្រមទាំងបន្តលើកកម្ពស់ការអនុវត្តសកម្មភាពថ្មីៗបន្ថែមទៀតក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយភាពពេញលេញ ទាំងសុខភាពសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដើម្បីឱ្យសង្គមកម្ពុជាប្រកបដោយសក្តានុពល និងមានវិបុលភាព៕