(កំពង់ចាម)៖ នាថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្ស និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ សកម្មជន នឹងយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃជាង៣០០០នាក់។

ពិធីសំណេះសំណាលធ្វើឡើងក្នុងគោលបំណង ពង្រឹងការផ្សព្វផ្សាយគោលនយោបាយ និងសកម្មភាពការងារនានា របស់គណបក្សប្រជាជនកម្ពុជា ដល់សកម្មជនគណបក្ស ដើម្បីអនុវត្តយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខនេះឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ ដោយធ្វើយ៉ាងណាកំណត់នូវប្រៀបឈ្នះពីចម្ងាយជូនគណបក្សឲ្យបានជាដាច់ខាត។ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអំពើល្អរបស់មន្ត្រីបក្ស គឺជាកត្តាចំបងក្នុងការកៀរគប្រជាពលរដ្ឋ ឲ្យងាកមកចូលរួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែករក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជានិរន្តរ៍។

លោកបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ សកម្មជន និងយុវជនគណបក្សប្រជាជនកម្ពុជា នៅស្រុកជើងព្រៃ ដែលមានវត្តមានក្នុងកម្មវិធីនេះ។ លោកបណ្ឌិត ម៉ឹង មករា ក៏បានសំណេះសំណាល និងដាស់តឿនរំលឹកដល់សកម្មជនបក្សទាំងអស់ ត្រូវប្រឹងប្រែងពន្យល់នូវ ប្រវត្តិនៃការតស៊ូ ដឹកនាំ និងស្នាដៃសមិទ្ធផលជាច្រើនឥតគណនា ដែលគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្ស ជាពិសេស សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។

លោកបណ្ឌិត ម៉ឹង មករា ក៏បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលមានភាពចាស់ទុំជាងគេក្នុងការដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង និងបន្តដឹកនាំ កសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍។

ជោគវាសនាដ៏ល្អនៃប្រទេសកម្ពុជា ដែលទទួលបានជាងបួនទសវត្សរ៍កន្លងមកនេះ ក៏ដោយសារ ឧត្តមភាពរបស់គណបក្សប្រជាជន ដែលមានវីរៈជនដ៍ឆ្នើមជាច្រើនរូប ដែលបានធ្វើពលិកម្មគ្រប់សព្វបែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ ជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គុមគ្គុទ្ទេសដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់បំផុតជូនជាតិមាតុភូមិ និងប្រជាជន។

ប្រជាពលរដ្ឋអាចធ្វើដំណើរដោយសុវត្ថិភាពនៅគ្រប់ទីកន្លែងទូទាំងប្រទេស មានឱកាសក្នុងការប្រកបអាជីវកម្ម និងធ្វើការងារដែលខ្លួនចូលចិត្តទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍន៍ពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ឧត្តមភាពដែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ក្នុងការតស៊ូលះបង់ ដើម្បីសង្គ្រោះជាតិនិងប្រជាជន ការកសាងប្រទេសពីបាតដៃទទេរឲ្យមានការអភិវឌ្ឍន៍ដល់សព្វថ្ងៃ និងការនាំមកនូវសុខសន្តិភាពពេញលេញ តាមរយះនយោបាយ ឈ្នះ-ឈ្នះ បានធ្វើឲ្យប្រជាជនរស់នៅក្នុងភាពសម្បូរសប្បាយ ក្រោមម្លប់សន្តិភាព។

ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់បណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងមកក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ដឹកនាំដោយបណ្ឌិត ម៉ឹង មករា បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយប្រជាពលរដ្ឋតាមភូមិឃុំក្នុងស្រុកជើងព្រៃ តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើន រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ។ លើសពីនេះក្រោមការចង្អល់បង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារជនបង្គោលក៏បានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ ដូចជា៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹកស្រះទឹក ការដាំកូនឈើលម្អសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត៕