(កណ្ដាល)៖ ក្រុមការងារចម្រុះរបស់អាជ្ញាធរខេត្តកណ្ដាល ដឹកនាំដោយលោក ណុប ដារ៉ា អភិបាលរងខេត្ត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បានចុះពិនិត្យទីតាំងរណ្ដៅដីមួយកន្លែងរបស់ឧកញ៉ា អ៊ុក រដ្ឋា ហៅឧកញ៉ាមហារដ្ឋា ស្ថិតនៅភូមិពុក ឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល។

មន្ដ្រីសាលាខេត្ត បានឲ្យដឹងថា ក្រុមការងារចម្រុះដែលមានកងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក ហោ លីណា ចុះពិនិត្យដល់ទីតាំងជាក់ស្ដែង នៃរណ្តៅដីមួយកន្លែង ដែលម្ចាស់ទីតាំង ឈ្មោះ អ៊ុក រដ្ឋា ដើម្បីត្រួតពិនិត្យលើលក្ខណៈបច្ចេកទេស ការអនុវត្តតាមវិធានការច្បាប់ និងអាជ្ញាប័ណ្ណ។

ក្រុមការងារបានរកឃើញថា ទីតាំងរណ្តៅដីកំពុងធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងសកម្ម ហើយទីតាំងនេះមិនមានអាជ្ញាប័ណ្ណឡើយ។ ក្រុមការងារចម្រុះខេត្ត បានតម្រូវឲ្យការដ្ឋាននេះ ត្រូវផ្អាកអាជីវកម្ម និងប្រគល់ជូនមន្ទីររ៉ែ និងថាមពលខេត្ត ធ្វើតាមនីតិវិធី។ ក្នុងករណីម្ចាស់អាជីវកម្មនៅបន្តធ្វើសកម្មភាព ក្រុមការងារនឹងកសាងសំណុំរឿង និងអនុវត្តតាមនីតិវិធីច្បាប់ ហើយម្ចាស់អាជីវកម្ម ត្រូវធ្វើការបង់សួយសារទៅតាមបរិមាណអាចម៌ដីដែលបានធ្វើអាជីវកម្មកន្លងមក។

រណ្ដៅដីរបស់លោកឧកញ៉ា អ៊ុក រដ្ឋា ជីកមានទំហ៊ុំ១៧ហិកតា ស្មើរនឹងជាង១លាន២សែនម៉ែត្រគូប។ ការបង់សួយសារនេះគឺ គិត២កាក់ក្នុងមួយម៉ែត្រគូប សម្រាប់អាជីវកម្មមានច្បាប់ តែបើគ្មានច្បាប់ រាល់តម្លៃទីផ្សារអាចម៌ដីដែលលក់បាននៅតំបន់ប្រព្រឹត្តិនោះ គឺត្រូវបង់១០០%ជូនរដ្ឋ ហើយថែមទាំងត្រូវពិន័យតាមវិធានការច្បាប់ទៀតផង៕