(ស្វាយរៀង)៖ គុណតម្លៃនៃការដឹកនាំរបស់បក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋជឿ​ជាក់ ហើយចូលរួមបម្រើសង្គមក្រោមមាគ៌ាដឹកនាំរបស់បក្សជាបន្តបន្ទាប់។ នៅព្រឹកថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជាឃុំកណ្ដៀងរាយ ស្រុកស្វាយ​ទាប ខេត្តស្វាយរៀង ​បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន​ ៣៣២នាក់​ទៀត។

ពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់បក្សប្រជាជនកម្ពុជាក្នុងឃុំកណ្តៀងរាយ បានប្រព្រឹត្ត​ទៅក្រោមអធិបតីភាពលោក មុឹង ពន្លក អនុប្រធានក្រុមការងារគណបក្ស​ចុះជួយស្រុក​ស្វាយ​ទាប និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំកណ្ដៀងរាយ។

ក្នុងពិធីនោះ លោក ម៉ឹង ពន្លក បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត​ចំពោះសមា​ជិក សមាជិកាថ្មី ដែលបានជឿជាក់លើការដឹកនាំរបស់បក្សប្រជាជនកម្ពុជា ដែលមាន​សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយចូលរួមបម្រើសង្គមក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់បក្សប្រជាជនកម្ពុជា។

ក្រៅតែពីការថ្លែងស្វាគមន៍ហើយនោះ លោក ម៉ឹង ពន្លក បានគូសរំលេចពីសមិទ្ធផលជា​ច្រើន ដែលកើតមានក្នុងសង្គមក្រោមការដឹកនាំរបស់ប្រជាជនកម្ពុជា រួមមានការប្រឹង​ប្រែងស្វែងរកសុខសន្តិភាព ហើយរក្សាបានសុខសន្តិភាព ជាមូលដ្ឋានគ្រឹះផ្តល់ការរស់នៅ ដ៏សុខសាន្តដល់ប្រជាពលរដ្ឋ និងការកសាងសង្គមជាតិឱ្យរីកចម្រើន។

លោក ម៉ឹង ពន្លក ក៏បានគូសរំលេចពីការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងក្រប​ខណ្ឌទូទាំងប្រទេស ក៏ដូចជានៅក្នុងខេត្តស្វាយរៀង មានដូចជាការលើកកម្ពស់គុណភាព​ផ្លូវជាតិលេខ១ ស្ពានហ្សឹបាសា និងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត​ជា​ដើម។ លោក បានលើកឡើងថា សមិទ្ធផលទាំងអស់នេះ លេចចេញជារូប គឺដោយសារ តែមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់បក្សប្រជាជនកម្ពុជា។

បន្ទាប់ពីសំណេះសំណាល លោក ម៉ឹង ពន្លក បានឧបត្ថម្ភជូនសមាជិកបក្សថ្មី​ក្នុង​ ១នាក់​ទទួលបានថវិកា ១០,០០០ រៀល អាវបក្សមួួយ និងមួកមួយផងដែរ។

បន្ទាប់ពីចប់ពិធីស្វាគមន៍សមាជិកបក្សថ្មីហើយនោះ លោក ម៉ឹង ពន្លក ក៏បានដឹកនាំក្រុម​ការងារ ចុះត្រួតពិនិត្យមើលទីតាំងមន្ទីរគណបក្សឃុំ ដើម្បីត្រៀមពង្រីកអគារគណបក្សឃុំ និងបានចុះពិនិត្យមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដែលក្រុមការងារធ្លាប់បានជួយ​កសាង​នាពេលកន្លងមក៕