(សៀមរាប)៖ អង្គការហ្គ្រេត (GRET) បានរៀបចំដំណើរទស្សនកិច្ចរបស់សិស្សសាលាបាយ និងអតិថិជនគាំទ្របន្លែសរីរាង្គ នៅផ្សារកសិករសៀមរាប ផ្សារចុងសប្តាហ៍ និងនៅសហគមន៍កសិកម្មដានរុនសាមគ្គី ក្នុងភូមិសន្ទៃ ឃុំដានរុន និងសហគមន៍កសិកម្មសុវត្តភាពធម្មជាតិ ក្នុងភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះដែរ លោក តាន់ តុលា បុគ្គលិកផ្នែកទីផ្សារនៃអង្គការហ្គ្រេត (GRET) បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង របស់ឱ្យប្រើប្រាស់នូវបន្លែសុវត្ថិភាព ដើម្បីឱ្យគាត់បានឃើញថាផលិតផល ដែលដាក់លក់នៅផ្សារចុងសប្តាហ៍ និងផ្សារកសិករសៀមរាប គឺជាផលិតផសធម្មជាតិ ដែលនាំចេញពីសហគមន៍ទាំងអស់។

លោកបានបន្តថា ជាទូទៅអង្គការតែងតែផ្សព្វផ្សាយដល់ពលរដ្ឋ ដើម្បីឱ្យគាត់ប្រើប្រាស់បន្លែសុវត្ថិភាព ដែលជាផលិតផលដែលគ្មានជាតិគីមី។ ហើយអង្គការក៏កំពុងពង្រីកទៅសហគមន៍ ដើម្បីយកប្រពន្ធធានាសុវត្ថភាពដល់ពួកគាត់ ដើម្បីឱ្យគាត់យកបន្លែទៅលក់នៅក្នុងទីផ្សារ។

មន្ត្រីអង្គការរូបនេះ បានឱ្យដឹងថា សព្វថ្ងៃនេះកំណើននៃការប្រើប្រាស់បន្លែសរីរាង្គ មានការកើនឡើងឱ្យកត់សម្គាល់ នេះបើយោងតាមរបាយការណ៍ពីចុងសប្តាហ៍ ពីមុនគាត់លក់បានក្រោមកន្លះតោនក្នុងមួយខែ តែអីឡូវនេះឡើងរហូតដល់ជិត ១តោន ក្នុងមួយខែ ក្រោយពីការផ្សព្វផ្សាយឥរិយាបទ នៃការបរិភោគរបស់គាត់មានការកែប្រែច្រើនដោយគាត់គិតពីសុខភាពរបស់គាត់ច្រើនជាង ហើយបើធៀបពីតំលៃបន្លែសរីរាង្គ និងបន្លែដែលនាំចូល គឺមិនខុសគ្នានោះដែរ។

អ្នកស្រី ថៃ សូដា អនុប្រធានសហគមន៍ និងទីផ្សារ របស់សហគមន៍កសិកម្មសុវត្តភាពធម្មជាតិ បានលើកឡើងថា សហគមន៍បានបង្កើតឡើងនៅដើមឆ្នាំ២០១៩ និងមានសមាជិក៧១នាក់ មកដល់បច្ចុប្បន្ននេះ មានសមាជិកជាង ១រយនាក់ ហើយរបររបស់សហគមន៍មានការផ្គត់ផ្គង់បន្លែសវត្ថិភាពខ្ពស់ ដោយមានការធ្វើជីកំប៉ុស្តិ៍ អាហារកែច្នៃស្រូវពូជ ស្រូវចំណី និងឥណទានខ្នាកតូច។ បច្ចុប្បន្ននេះ សហគមន៍ កំពុងធ្វើជីជន្លេន ដោយយកកាកសំណល់មកពីផ្សារ និងកំពុងពិនិត្យដើម្បីលក់នៅលើទីផ្សារ និងប្រើប្រាស់ផងដែរ។ ដោយឡែកសហគមន៍ មានការផ្គត់ផ្គង់ទៅផ្សារមួយចំនួនដូចជាទី១៖ ផ្សារកូនខ្មែរនៅភ្នំពេញ, ទី២៖ ផ្គត់ផ្គង់ទៅលើកសិដ្ឋានខេមរៈ ទី៣៖ ផ្គត់ផ្គង់ទីផ្សារកសិករខ្មែរ ទី៤៖ ផ្គត់ផ្គង់ទៅលើផ្សារចុងសប្តាហ៍ និងទី៥៖ គ្រប់គង់ទៅលើផ្សារដំដែកផងដែរ។

អ្នកស្រីបានបន្តថា សហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ ហៅកាត់ថា (Eco-farm)​ ក៏បានសិក្សាស្វែងយល់ពីបន្លែសុវត្ថិភាព និងការអនុវត្តការដាំដុះតាមបែបស្តង់ដារសុវត្ថិភាពក្រោមការត្រួតពិនិត្យស្តង់ដាដោយប្រព័ន្ធធានា ដែលហៅកាត់ថា (PGS) និងស្វែងរកការគាំទ្រផ្នែកទីផ្សារដល់សហគមន៍ ក៏ដូចជាស្វែងរកការគាំទ្រដល់ផលិតផលកសិកម្មរបស់ប្រជាកសិករក្នុងសហគមន៍ផងដែរ។

ជាមួយនេះដែរ អ្នកស្រី សុខ សុផាណា អតិថិជនគាំទ្របន្លែសរីរាង្គ បានលើកឡើងថា ដោយគិតគូរពីសុខភាពអ្នកស្រីបានហូបបន្លែសរីរាង្គនេះតាំងពីយូរមកហើយ ហើយបន្ទាប់ហូបបន្លែសរីរាង្គ និងហាត់ប្រាណជាប្រចាំ នៅពេលទៅពិនិត្យសុខភាព គឺមិនមានបញ្ហាលើសឈាម និងទឹកនោមផ្អែមនោះឡើយ។

ដោយឡែកយុវជន ដូច ទោម៉ម ដែលជាសិស្សរៀននៅសាលាបាយខាងផ្នែកចុងភៅ បានលើកឡើងថា បច្ចុប្បន្ននេះ មានប្រជាកសិករជាច្រើនបានងាកមកដាំបន្លែសរីរាង្គ ដែលធ្វើឱ្យរូបគេមានទំនុកចិត្តខ្ពស់នៅពេលធ្វើម្ហូបជូនភ្ញៀវ និងកំពុងមានការគាំទ្រជាច្រើនពីអតិថិជន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕