(ក្រចេះ)៖ លោក វ៉ា ថន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សខេត្តក្រចេះ និងលោក ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ក្រុង សង្កាត់ ក្នុងក្រុងក្រចេះ។

ក្នុងនោះក៏មានការចូលរួមពីលោក លោកស្រី អនុប្រធាន ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងក្រចេះ គណៈកម្មាធិការគណបក្សក្រុង គណៈកម្មាធិការគណបក្សសង្កាត់ ដែលមានសមាសភាពចូលរួមសរុបចំនួន ៤៣២នាក់ ។

តាមរបាយការណ៍លោក សេក ប៊ុន ហេង ប្រធានគណបក្សក្រុងក្រចេះ បានបញ្ជាក់ថា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រុងក្រចេះ ប្ដេជ្ញាចិត្តបន្តអនុវត្តតាមមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់បក្ស សំដៅ ពង្រឹង និងជំរុញការចាត់តាំងអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់តាមផែនការ រួមរបស់គណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣នេះ និងដើម្បីពង្រឹងពង្រីក ប្រៀបឈ្នះរបស់គណបក្ស និងចូលរួមធានាជ័យជំនះជូនគណបក្ស ក្នុងការបោះឆ្នោត ពោលគឺសម្រេចឲ្យបាននូវទិសស្លោក «រក្សាចាស់ បង្កើតថ្មី និងយុវជនគណបក្ស ១រូប គឺជាសំឡេងគាំទ្របក្ស១សន្លឹក»

ផ្អែកតាមការប្ដេជ្ញាចិត្តខាងលើ និងយោងតាមការបោះឆ្នោតកន្លងមក ក្រុមការងារ យុវជនគណបក្សក្រុង សង្កាត់ និងក្រិមសកម្មជន យុវជនចំណុះទាំងអស់ ដែលជាជំនួយការឱ្យគណបក្សគ្រប់ថ្នាក់ លើការងារបំផុសយុវជនឱ្យគាំទ្រ បុព្វហេតុដ៏ត្រឹមត្រូវ របស់គណបក្ស និងបោះឆ្នោតជូនគណបក្ស។

ក្នុងឱកាសសំណេះសំណាលលោក វ៉ា ថន បានសូមអរគុណចំពោះក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ នៅក្រុងក្រចេះ ទាំងបណ្ដាផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមនៅថ្ងៃនេះ លើកទឹកចិត្តជានិច្ចដល់យុវជន ក្នុងការខិតខំបំពេញការងារ និងបម្រើប្រជាជននៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក ហើយត្រូវខិតខំបម្រើប្រជាជនបន្តទៅទៀត។

លោកបញ្ជាក់ទៀតថា ក្នុងនាមយុវជនគណបក្ស ត្រូវស្មោះត្រង់ ការពារ បម្រើ និងបោះឆ្នោតជូនគណបក្ស និងត្រូវរៀបចំចងក្រង ដឹកនាំតម្រងទិស សមាជិករបស់ខ្លួនធ្វើសកម្មភាពឱ្យបានញឹកញាប់ជាប្រចាំ។ ក្រុមយុវជនត្រូវចូលរួមចុះមូលដ្ឋាន ធ្វើកិច្ចការផ្ទាល់តាមខ្នងផ្ទះជាមួយប្រជាពលរដ្ឋ ថាមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬអត់ មើលអត្តសញ្ញាណបណ្ណត្រូវគ្នា ឬអត់ចូលរួមកសាងពង្រីកកម្លាំងឱ្យបានច្រើនធ្វើយ៉ាងម៉េចឱ្យកម្លាំង ជាកម្លាំងពិតរបស់យើង ដើម្បីឱ្យឈ្នះឆ្នោតទទួលបានការអភិវឌ្ឍ សុខសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ធ្វើឱ្យប្រជាជនមានជីវភាពសម្បូរសប្បាយ ប្រជាជនមានការងារធ្វើ។

លោកបានគូសបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ដែលនឹងឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ​ ឱ្យទទួលបានជោគជ័យ​។ សូមលោក បងប្អូនដែលជាសមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់ ពិសេសប្រធានក្រុមសាខាបក្សនៅតាមមូលដ្ឋាន ជួយប្រមូលគ្នាទៅចូលរួមបោះឆ្នោតទាំងអស់គ្នា។

សូមបញ្ជាក់ក្នុងពិធីសំណេះណាលនោះ លោក វ៉ា ថន និងលោក ឈឿន ប៊ុន រ័ត្ន ព្រមទាំងក្រុមការងារគណបក្សក្រុង ក្រុមការងារចុះជួយមូលក្រុង បានរួមគ្នាផ្ដល់ថវិកាដល់យុវជនគណបក្ស ក្រុង សង្កាត់ចំនួន៤៣២នាក់ ក្នុង១នាក់ចំនួន ២០,០០០រៀលផងដែរ៕