(ព្រៃវែង)៖ លោក វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស នៅក្នុងឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក វង្ស ពិសេន បានអរគុណដល់សមាជិក សមាជិកា របស់បក្សទាំងអស់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះលើសលុបនាឆ្នាំ២០២២។

លោក វង្ស ពិសេន ក៏បានលើកឡើងពីវីរភាព និងការលះបង់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុរំដោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបន្តស្វែងរកសន្តិភាពជូនប្រទេសជាតិតាមរយៈនយោបាយឈ្នះឈ្នះ។ «សម្តេចតេជោ បាននាំយើងឱ្យរួចផុតពីជ្រោះមរណនៃជំងឺរាតត្បាតកូវីដ១៩ ហើយសម្តេច បានដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍ និងរីកចម្រើនរហូតដល់សព្វថ្ងៃ។ ជាពិសេសសម្តេច បានលើកមុខមាត់ប្រទេសកម្ពុជាឱ្យពិភពលោកបានកោតសរសើរ និងស្ងប់ស្ងែង តាមរយៈភាពជោគជ័យដ៏ត្រចះត្រចង់នៃការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងប៉ាអាហ្គេមលើកទី១២»។

ចំពោះគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញបដិសេធមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ មិនមែនជាកំហុសរបស់គណបក្សប្រជាជនទេ គឺជាកំហុសផ្នែករដ្ឋបាលរបស់គណបក្សរបស់ខ្លួនឯងពិតប្រាកដ។ ដូច្នេះ ពួកគេត្រូវទទួលកំហុសចំពោះគណបក្សដោយខ្លួនឯង ហើយមិនត្រូវទំលាក់កំហុសមកលើគណបក្សប្រជាជនកម្ពុជាទេ។

ជាទីបញ្ចប់ លោក វង្ស ពិសេន បានអំពាវនាវឱ្យសមាជិក សមាជិការបស់គណបក្សប្រជាជនទាំងអស់ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ មានតែគណបក្សប្រជាជនទេ ដែលអាចការពារបាននូវសន្តិភាព មានសន្តិភាពក៏ដោយសារគណបក្សប្រជាជន មានគណបក្សប្រជាជនទើបមានសន្តិភាព៕