(ភ្នំពេញ)៖ លោក​ សំ​ សឿន​ ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា​ (NLC) និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​សហជីព​ (NTUC) តំណាងឱ្យកម្មករ និយោជិត លើគ្រប់វិស័យនៅទូទាំងប្រទេស នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានចេញញត្តិគាំទ្រសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ទាក់ទិននឹងការបដិសេធចោលបណ្ដឹងតវ៉ារបស់គណបក្សចំនួន២ គឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ។

លោក សំ សឿន បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងខ្ញុំជាថ្នាក់ដឹកនាំ សហភាពពលកម្មជាតិកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចលេខ២២០/០០២/២០២៣ កបធច ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានបដិសេធចោលដោយខុសនឹងគតិច្បាប់ក្នុងសំណុំរឿងលេខ៤៦៧/០០២/២០២៣ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នូវពាក្យបណ្តឹងរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣»

លោក សំ សឿន បានបន្តថា ការប្តឹងតវ៉ានឹងសេចក្ដីសម្រេចលេខ២៣៣ គជបសសរ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងទាមទារឱ្យ គ.ជ.ប ទទួលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥ មណ្ឌលរាជធានី-ខេត្ត។

ចំណែកសេចក្តីសម្រេចលេខ ២២១/០០៣/ ២០២៣ កបធ.ច ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានបដិសេធចោលដោយខុសនឹងគតិច្បាប់ ក្នុងសំណុំរឿងលេខ៤៦៨/០០៣/២០២៣ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នូវពាក្យបណ្តឹងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ប្ដឹងសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យសម្រេចពីលទ្ធភាពស្តីពីការចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ។

លោក សំ សឿន បានបន្តថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបដិសេធចោលបណ្ដឹងតវ៉ារបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ពិតជាបានបង្ហាញឱ្យឃើញអំពីភាពត្រឹមត្រូវនៃការអនុវត្តច្បាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់សំខាន់២ គឺ «គោលការណ៍នៃការបកស្រាយច្បាប់ដោយម៉ឺងម៉ាត់ និងគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់» ដែលត្រូវអនុវត្តចំពោះគ្រប់គណបក្សនយោបាយ។

សេចក្ដីសម្រេចនេះបានចូលរួមបញ្ជាក់បន្ថែមយ៉ាងច្បាស់ថា «ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ត្រូវដើរទន្ទឹមនឹងនីតិរដ្ឋ ដែលជាគ្រឹះសម្រាប់ធានាដល់ស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសសម្រាប់ការអភិវឌ្ឍជានិរន្តរ៍»

មេសហជីពរូបនេះបានថ្លែងទៀតថា «យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់ថ្នាក់ដឹកនាំសមាជិក សមាជិកា សកម្មជនអ្នកគាំទ្រគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ មេត្តាចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា និងចៀសវាងការប្រើប្រាស់រូបភាពបាតុកម្ម ឬការគំរាមកំហែងណាមួយ ដែលបង្កការវឹកវរប៉ះពាល់ស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច សណ្ដាប់ធ្នាប់សាធារណៈ សេចក្ដីសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រោមម្លប់នៃសន្តិភាព»