(ភ្នំពេញ)៖ ដើម្បីជាការចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលកំពុងមានជំងឺប្រចាំកាយ ពាក់ព័ន្ធនឹងជំងឺភ្នែក លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌទួលគោក នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោក ឃាង​ សេង ប្រធានក្រុមការងារចុះជួយសង្កាត់ផ្សាដេប៉ូទី១ ដឹកនាំក្រុមគ្រូពេទ្យ ដោយមានការសហការជាមួយមន្ទីរពេទ្យអង្គឌួង ចុះព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ផ្សារដេប៉ូទី២ និងផ្សារដេប៉ូទី៣ ក្នុងមូលដ្ឋានខណ្ឌទួលគោក ប្រមាណ៥០០០នាក់ ដោយឥតគិតថ្លៃ។

ពិធីនេះបានធ្វើឡើងនៅសាលា ជា ស៊ីម សន្ធរមុខ និងដោយមានការចូលរួមពីលោក លូ លីឃាង នាយកមន្ទីរពេទ្យអង្គឌួង លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោល និងមានការចូលរួមពីលោកចៅសង្កាត់ផ្សារដេប៉ូទី១ ផ្សារដេប៉ូទី២ និងផ្សារដេប៉ូទី៣ ក្រុមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ថ្លែងនាឱកាសនោះលោក ឃាង​ សេង បានបញ្ជាក់ថា សកម្មភាពចុះព្យាបាលជំងឺភ្នែកនេះ ជាការជួយសម្រាកការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត ក្នុងការស្វែងរកកន្លែងព្យាបាលជំងឺ។ ការព្យាបាលនេះដែរ មានទាំងការពិនិត្យភ្នែកជូន ការផ្តល់ថ្នាំ និងការផ្តល់ជាវ៉ែនតាផ្ទាល់តែម្តង ហើយបើក្នុងករណីជំងឺរបស់ប្រជាពលរដ្ឋ ត្រូវការការព្យាបាលបន្ថែមទៀតទៀតនោះ ក្រុមគ្រូពេទ្យនឹងបន្តនាំយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យអង្គឌួងបន្តទៀត ដើម្បីធ្វើយ៉ាងណាជួយពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោក ឃាង​ សេង បានបន្ថែមទៀតថា សម្រាប់ការចុះព្យាបាលនេះដែរ ក្រុមការងារនឹងនៅតែបន្តចុះព្យាបាលជាបន្តបន្ទាប់ទៀតផងដែរ ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែចាត់ឱ្យក្រុមការងារចុះជួយមូលដ្ឋាន ចុះជួួយសម្រាកការលំបាកជូនប្រជាពលរដ្ឋ តាមរយៈការចុះជួយព្យាបាលជំងឺដោយឥតគិតថ្លៃ និងសកម្មភាពផ្សេងៗជាច្រើនទៀត ដោយមិនទុកឱ្យមានប្រជាពលរដ្ឋណាដែលជួបការលំបាក ដោយមិនមានការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំនោះឡើយ។

តាមរយៈការចុះជួយជាបន្តបន្ទាប់នេះ លោក ឃាង​ សេង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តគាំទ្រថ្នាក់ដឹកនាំ ដែលតែងតែនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ និងផ្តល់នូវកត្តាសុខសន្តិភាពជូនដល់ប្រជាពលរដ្ឋ និងបន្តជ្រើសរើសថ្នាក់ដឹកនាំពិតប្រាកដ ដែលនាំនាវាកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាពជារៀងរហូត។

បន្ថែមពីនេះតាងនាមលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង លោកក៏បានថ្លែងអរគុណដល់ក្រុមកាងារគ្រូពេទ្យទាំងពេទ្យរដ្ឋទាំងអស់ ជាពិសេសមន្ទីរពេទ្យអង្គឌួង ដែលតែងតែបានចូលរួមឈឺឆ្អាលគ្រប់ពេល ដោយស្មគ្រ័ចិត្តក្នុងការពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ នៅក្នុងខណ្ឌទួលគោកទាំងមូល៕