(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត បេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកអូររាំងឪ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំចក និងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីសួរសុខទុក្ខ ពិនិត្យវឌ្ឍនភាពការងារក៏ដូចជាសមិទ្ធផលនានា ដែលក្រុមការងារបានបំពេញ និងផ្តល់ជូនប្រជាពលរដ្ឋ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋដែលជាតម្រូវការចាំបាច់ និងបន្ទាន់របស់ពួកគាត់។

នៅក្នុងឱកាសនោះ ប្រធានក្រុមការងារបានជំរុញឱ្យប្រជាពលរដ្ឋ បន្តរក្សាស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ កុំរើសអើងខ្មែរគ្នាឯង ដោយបានលើកឡើងថា ខ្មែរសាមគ្គីខ្មែរខ្លាំង ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរមានឱកាសខ្មែរអាចធ្វើបាននឹងទទួលបានជោគជ័យ ជាក់ស្តែងក្នុងការព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជាទទួលបានមេដាយសរុបចំនួនាា២៨២ ក្នុងនោះមេដាយមាសចំនួន៨១ ជាជោគជ័យដ៏ត្រចេះត្រចង់ជាប្រវត្តិសាស្ត្រ ដែលកើតចេញផ្លែផ្កាសន្តិភាព និងការអភិវឌ្ឍន៍ បានផ្តល់ឱកាសឱ្យកីឡាករទទួលបានការហ្វឹកហាត់គ្រប់គ្រាន់ ទទួលបានការឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុ ជាពិសេសការគាំទ្ររបស់ប្រជាពលរដ្ឋរបស់យើងទាំង១៧លាន ដែលជាកម្លាំងចិត្តផ្តល់នូវថាមពលដល់មហិមាដល់កីឡាករយើងឱ្យទទួលបានជោគជ័យ។

លោក អ៊ាង សុផល្លែត ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋបន្តផ្តល់ឱកាសខ្លួនឯង និងក្មេងៗជំនាន់ក្រោយតាមរយៈការចូលរួមការពាររក្សាសន្តិភាព អនុវត្តលទ្ធិប្រជាធិបតេយ្យចូលរួមបោះឆ្នោតទាំងអស់គ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា បានបន្តអនុវត្តគោលយោបាយរបស់ខ្លួនក្នុងរក្សាសុខសន្តិភាព ការអភិវឌ្ឍ ដែលដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរុងរឿង។

សូមបញ្ជាក់ផងដែរថា កម្មវិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងនៅ៤ទីតាំង ក្នុងនោះពេលព្រឹកនៅក្នុងមូលដ្ឋានឃុំចកចំនួន២ទីតាំង មានប្រជាពលរដ្ឋចូលរួមចំនួន៤ភូមិ (ភូមិជំពូ ភូមិជ្រោយផ្អុង ភូមិត្រពាំងទា និងភូមិស្រឡុង) ហើយពេលរសៀលនៅមូលដ្ឋានឃុំដំរិលចំនួន២ទីតាំង មានប្រជាពលរដ្ឋចំនួន១០ភូមិចូលរួម (ភូមិសំរោង ភូមិពើក ភូមិសំស្មែរ ភូមិប្រឡាយ ភូមិដំរិលទី១ ភូមិដំរិលទី២ ភូមិដំរិលទី៣ ភូមិដំរិលទី៤ ភូមិសង្កែរ និងភូមិជ្រៃសុខុម)៕