(ភ្នំពេញ)៖​ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានប្រកាសចូលរួមជាមួយអាជ្ញាធរ មានសមត្ថកិច្ចទាំងអស់ចុះពិនិត្យធ្វើយ៉ាងណាលុបបំបាត់ឱសថក្លែងក្លាយ គ្មានច្បាប់ទម្លាប់ និងខូចគុណភាពលើទីផ្សារ ដើម្បីសុខមាភាពសាធារណៈជូនអ្នកប្រើប្រាស់។

ការលើកឡើងរបស់លោកបណ្ឌិត ឡី សុភាព បែបនេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ អ្នកជំនាញវិជ្ជាជីវៈ គ្រប់គ្រងទូទៅ វេជ្ជបណ្ឌិត ទ​ន្តពេទ្យ គ្រូឱសថបុរាណ ឱសថការី គិលានុបដ្ឋាក ឆ្មប អ្នកលក់ឱសថ អ្នកបច្ចេកទេសមន្ទីរពិសោធន៍ អ្នកលក់គ្រឿងសម្អាង ប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅវិមានដឺព្រេមៀ សេនធ័រ សែនសុខ។

លោក ឡី សុភាព បានលើកឡើថា «ខ្ញុំនឹងស្នើទៅក្រសួងជំនាញ និងអង្គភាពមានសមត្ថកិច្ច និងគណៈកម្មការនានា ដើម្បីចុះត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់ ចំពោះក្រុមហ៊ុនទាំងឡាយណា ផលិតផលទាំងឡាយណា ដែលខុសច្បាប់ នឹងចុះធ្វើការត្រួតពិនិត្យ ដោយមិនបង្អង់ដៃ ចាប់ពីពេលនេះទៅ»

ជាមួយគ្នានេះ ក្នុងនាមជាប្រធានសមាគមអ្នកលក់ឱសថ លោក ឡី សុភាព ចង់ជំរុញដល់កិច្ចការពារសុខមាភាពសាធារណៈ​ជូនប្រជាពលរដ្ឋ បង្ការកុំឲ្យមានប៉ះពាល់អវិជ្ជមានទាំងឡាយដល់អ្នកប្រើប្រាស់ ជាពិសេសកត្តាដែលបង្ករឡើងពីឱសថក្លែងក្លាយ គ្មានច្បាប់អនុញ្ញាត ខូសគុណភាពជាដើមនេះ ពិតជាបានបង្ករឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតផងដែរ។

ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា​ បានបន្តលើកឡើងថា អ្នកដែលនាំចូលផលិតផលខុសច្បាប់ ឬផលិតផលក្លែងក្លាយ ខូចគុណភាព នឹងទទួលបានផលចំណេញ តែសម្រាប់បុគ្គលទាំងនោះប៉ុណ្ណោះ ក៏ប៉ុន្តែវាពិតជាគ្រោះថ្នាក់ ដល់អ្នកប្រើប្រាស់ ។

ក្នុងន័យនេះលោកបានបញ្ចាក់ជាថ្មីថា «ខ្ញុំនឹងធ្វើការជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ត្រួតពិនិត្យលើកិច្ចការងារនេះ ហើយខ្ញុំនឹងដាក់ស្នើទៅអង្គភាពដែលពាក់ព័ន្ធ ដោយធ្វើការត្រួតពិនិត្យគ្រប់មុខទំនិញដែលខុសច្បាប់ អនុឡោមទៅតាមច្បាប់គ្រប់គ្រង់ឱសថ និងកិច្ចការពារអ្នកប្រើប្រាស់ផ្សេងៗ»។

លោក ឡី សុភាព ក៏បានបញ្ជាក់ថា មិនគួរបន្តឲ្យមានផលិតផលក្លែងក្លាយ ហើយត្រូវតែបោសសម្អាត។ គួរតែចូលរួមទាំងអស់គ្នាផ្ទៀងផ្ទាត់ទាំងអស់គ្នា ។

លោកក៏បានប្រៀបធៀបថា កាលណាមានផលិតផលក្លែងក្លាយ ខូចគុណភាពចរាចរលើទីផ្សារ ហើយធ្លាក់ដល់ដៃអ្នកប្រើប្រាស់ ប្រៀបបានយកលុយ១ដុល្លារទៅទិញថ្នាំពេទ្យ ហើយអ្នកប្រើប្រាស់ ត្រូវត្រៀមលុយ១ដុល្លារទៀត
សម្រាប់មើលជំងឺអ៉ីចឹងដែរ ។

ឆ្លៀតក្នុងឱកាសនោះ ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានអំពាវនាវដល់សមាជិកសមាជិកាដែលជាអ្នកលក់ឱសថ គ្រឿងសម្អាង អាហារបំប៉នទាំងអស់ គួរបន្តការសិក្សារៀនសូត្រអំពីច្បាប់ទម្លាប់ របៀបរបបអំពីការទុកដាក់​ ឬអាចនិយាយបានថាជាយន្តការអប់រំបណ្តុះបណ្តាវិជ្ជាជីវៈ ទៅលើជំនាញទុកដាក់ឱសថ និងការប្រើប្រាស់ឱសថនៅតាមឱសថស្ថាន ជាពិសេសអ្នកលក់អាហារបំប៉នបន្តនាំគ្នារៀនសូត្រ ដោយអាចទាក់ទងជាមួយសមាគមអ្នកលក់ឱសថកម្ពុជា ដើម្បីធ្វើការបណ្តុះបណ្តា៕