(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសឈ្មោះ ឌុច ភាស់ រស់នៅភូមិព្រែករំដេង (គ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ បញ្ជូនមកតុលាការខេត្តកំពង់ចាម បន្ទាប់ពីបុរសនេះបានចោទប្រកាន់មកលើអាជ្ញាធរពាក់ព័ន្ធនឹងការឈូសឆាយដីបឹងចារ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ។ នៅបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ។

រដ្ឋបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការបញ្ជាក់ជូនសាធារណជន ជ្រាបថាមកទល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បុរសឈ្មោះ ឌុច ភាស់ មិនមានការឃាត់ខ្លួនបញ្ជូន មកតុលាការខេត្តកំពង់ចាម ដូចការចោទប្រកាន់ផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមនានានោះឡើយ។ សមត្ថកិច្ចមិនបានធ្វើការចោទប្រកាន់បុរសឈ្មោះ ឌុច ភាស់ នោះទេដោយសារបុរសរូបនេះបានទទួលស្គាល់កំហុសរបស់ខ្លួន និងបានធ្វើការសុំទោសជាសាធារណរួចហើយ»

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ចាម សូមអរគុណចំពោះបណ្តាញផ្សព្វផ្សាយព័ត៌មានសង្គមមួយចំនួនដែលបានផ្សព្វផ្សាយព័ត៌មានពិតប្រាកដ ហើយក៏សូមជម្រាបជូនសាធារណជនជ្រាបថា រដ្ឋបាលខេត្តបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត លើករណីនេះ និងបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនល្មើសពាក់ព័ន្ធការទិញ-លក់ និងឈូសឆាយដីរដ្ឋខុសច្បាប់ ទំហំ១ហិកតា ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ បានចំនួន០២នាក់រួចហើយដែរ។ បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងរៀបចំចងក្រងសំណុំរឿងដើម្បីអនុវត្តនិតិវិធីផ្លូវច្បាប់ជាបន្ត។

រដ្ឋបាលខេត្តកំពងចាម ក៏បានស្នើសុំសូមសាធារណជន កុំមានការយល់ច្រឡំចំពោះព័ត៌មានឃាត់ខ្លួនបុរសឈ្មោះ ឌុច ភាស់ និងសូមចៀសវាងការបង្ហោះ ឬចែករំលែកព័ត៌មានមិនពិតនេះ។ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណជនបានជ្រាបបន្ថែមទៀតថា ករណីមានចម្ងល់ពាក់ព័ន្ធនឹងបទល្មើសនានានៅក្នុងខេត្តកំពង់ចាម សូមទំនាក់ទំនងមកអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម លោក ស្រី សុភ័ក្ត្រ លេខទូរស័ព្ទ៖ ០១១ ៨១៥ ៥៥៥៕