(រតនគិរី)៖ លោក ថេង សាវឿន ប្រធានសមាគមកសិករនៅខេត្តរតនគិរី បានសរសេរលិខិត និងវីដេអូសុំទោសចេញពីពន្ធនាគារចំពោះអ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តនាពេលកន្លងមក ដោយជឿតាមការញុះញង់របស់គណបក្សប្រឆាំង និងបរទេសមួយចំនួន។

ក្នុងលិខិតសុំទោសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោក ថេង សាវឿន បានអះអាងថា កន្លងទៅខ្លួនបានជឿតាមការចង្អុលរបស់បរទេសមួយចំនួន និងក្រុមនយោបាយប្រឆាំងមួយចំនួន ក្នុងរូបភាពញុះញង់បង្កចលាចលធ្វើឲ្យបាត់បង់ និងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងសាធារណៈប្រមូលផ្ដុំសមាជិក ក្នុងគោលបំណងផ្ដួលរលំរាជរដ្ឋាភិបាលដោយមិនដឹងខ្លួន។

ក្រោយពីទទួលស្គាល់កំហុសដែលប្រព្រឹត្តកន្លងមក លោក ថេង សាវឿន សន្យាចំពោះមុខច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចថា នឹងមិនប្រព្រឹត្តសកម្មភាពទាំងឡាយ ដែលខុសពីលក្ខន្ដិកៈតម្កល់នៅក្រសួងមហាផ្ទៃ ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ មួយវិញទៀត លោកសន្យាដកខ្លួនចេញពីសកម្មភាពនយោបាយ ដែលមានគោលដៅផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់។

ខាងក្រោមនេះ ជាវីដេអូសារភាពកំហុស និងសុំទោសរាល់អ្វីដែលខ្លួនបានប្រព្រឹត្ត៖