(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។

បន្ទាប់ពីចុះពិនិត្យវឌ្ឍនភាពនៃមន្ទីរពេទ្យហើយ លោកស្រីវេជ្ជបណ្ឌិតក៏បានដឹកនាំកិច្ចប្រជុំ ដែលមានការចូលរួមពីមន្ត្រី អាជ្ញាធរ និងភាគីពាក់ព័ន្ធ រួមទាំងតំណាងពីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ដើម្បីពិភាក្សាការងារបន្ថែមទៀត ឈានទៅសម្រេចការងារសាងសាង់ និងរៀបចំមន្ទីរពេទ្យឲ្យបានរួចរាល់ជាស្ថាពរ ដើម្បីបើកទទួល និងផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋជាផ្លូវការ។

ក្នុងកិច្ចពិភាក្សាការងារនេះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានវាយតម្លៃថា មន្ទីរពេទ្យបានសាងសង់រួចរាល់ស្ទើរតែ ១០០%ហើយ នៅតែការងារបន្ទាប់បន្សំ ដូចជាការសម្អាតជាដើម ដែលក្រុមហ៊ុនសាងសង់ ត្រូវបន្ដសហការគ្នាជាមួយគណៈគ្រូពេទ្យ ក៏ដូចជាក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ដើម្បីខិតខំប្រឹងប្រែងរួមគ្នា ឈានទៅបញ្ចប់ការសាងសង់ជាស្ថាពរតាមការគ្រោងទុក។

ទន្ទឹមនឹងនោះ ដើម្បីត្រៀមរាល់បញ្ហាអ្វីមួយកើតជាយថាហេតុ ដូចជាបញ្ហាសុខភាពរាតត្បាតសកល ដែលត្រូវទាមទារមានតែធនធានមនុស្ស និងឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ រួមទាំងអគ្គិសនីផងនោះ ក្រែងមានករណីដាច់ចន្ដរអគ្គិសនី ឬភ្លើងរត់មិនគ្រប់ លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានពិភាក្សានឹងដាក់បន្ថែមនូវអគ្គិសនីឱ្យគ្រប់ចំនួនសម្រាប់ប្រើប្រាស់ ពិសេសនឹងដាក់បន្ថែមនូវថាមពលពន្លឺព្រះអាទិត្យ (ថាមពលសូឡា) នៅក្នុងបរិមាណមន្ទីរពេទ្យផងដែរ។

ជាងនេះទៅទៀត លោកស្រីបានជំរុញលើកទឹកចិត្ដ ដល់ក្រុមគ្រូពេទ្យ ត្រូវតែខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់។ លើសពីនោះក្នុងការត្រៀមលក្ខណៈ សម្រាប់ផ្ដល់សេវាសុខភាពជូន កីឡាករ កីឡាការិនី ជម្រើសជាតិ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលរៀបចំឡើងជាលើកដំបូងនៅកម្ពុជា នឹងមកដល់នាសប្ដាហ៍ក្រោយនេះ។

លោកស្រីវេជ្ជបណ្ឌិតក៏ធ្លាប់បានបញ្ជាក់ផងដែរថា ក្នុងឱកាសដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្ដិការណ៍កីឡាស៊ីហ្គេមកន្លងទៅថ្មីៗនេះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ក៏បានពិនិត្យពិគ្រោះ និងព្យាបាលសុខភាព ជូនកីឡាករ កីឡាការិនី ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ រួមទាំងប្រជាពលរដ្ឋយើងតាមបណ្ដាលខេត្ដ ដែលមកទស្សនានូវព្រឹត្ដិការណ៍កីឡាស៊ីហ្គេមនេះ។

ឆ្លៀតក្នុងឳកាសនោះ លោកស្រីវេជ្ជបណ្ឌិត ក៏បានគូសរម្លឹកថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ បានសាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានចំណុះជិត ១ម៉ឺនគ្រែ ដើម្បីត្រៀមលក្ខណៈជាស្រេចក្នុងការទ្រទ្រង់សភាពការណ៍ការរាតត្បាតជំងឺសកលណាមួយ ដែលនឹងមានកន្លែងសម្រាប់បម្រើសេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋយើង ដោយមិនឱ្យមានការព្រួយបារម្ដឡើយ។

ក្នុងនាមលោកស្រី តំណាង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រុមការងារ ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាល គណៈនាយកគ្រប់គ្រងមន្ទីរពេទ្យជាតិ តេជោសន្ដិភាព រួមជាមួយសាលារាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលសម្ដេចតែងតែយកចិត្ដទុកដាក់ខ្ពស់ លើសុខភាពប្រជាពលរដ្ឋជាចម្បង ពិសេសបានគិតគូរខ្ពស់ទៅដល់កម្មករ-កម្មការិនី ដូចជាកីឡាករ កីឡាការិនី និងប្រជាពលរដ្ឋយើងទូទាំងប្រទេស។

សូមជម្រាបថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ត្រូវបានធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែឧសភា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) ។ សរុបចំនួនគ្រែអ្នកជំងឺពីអគារ ( H1 ដល់ H7) ទាំងអស់ មានប្រមាណ១ម៉ឺនគ្រែ ជាមួយនិងអគារបច្ចេកទេស (T) ។ មណ្ឌលនេះ មានចំណតរថយន្ត (P) សួនច្បារ (G3) មានសួនបៃតង អគារផ្គត់ផ្គង់ និងព័ត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S) ។សម្រាប់អគារ A, S, E, H1, H2, H3, H4, H5, H6, H7, T1, T2 ដែលអគារនីមួយៗ សុទ្ធតែមានមុខងារសំខាន់ៗ ជាពិសេស អគារ T1, T2 ៕