(ស្ទឹងត្រែង)៖ លោក ឡូយ សុផាត អ្នកតំណាងរាស្ដ្រមណ្ឌលស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព បើកការដ្ឋានជួសជុលផ្លូវ១ខ្សែ មានប្រវែង៤,៦៨០ម៉ែត្រ ស្ថិតនៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។

លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានលើកឡើងថា ផ្លូវមួយខ្សែនេះជាមូលនិធិរបស់សង្កាត់ព្រះបាទ ហើយការជួសជុលផ្អែកទៅលើកត្តាភូមិសាស្ត្រសក្តានុពល ភាពជាក់ស្តែង និងតម្រូវការបស់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ឆ្លងកាត់។ លោកបន្ដថា អាជ្ញាធរក្រុង និងថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់គិតគូរចង្អុលបង្ហាញគំនិតទស្សនៈវិស័យ ដើម្បីឲ្យមូលដ្ឋាន មានគោលគំនិតមើលឃើញពីសក្តានុពលក្នុងមូលដ្ឋានសម្រាប់ការអភិវឌ្ឍ។

លោក ឡូយ សុផាត ប្រធានគណៈកម្មាការទី៣ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសសេដ្ឋកិច្ចកម្ពុជាមានការលូតលាស់រីកចម្រើនឥតឈប់ឈរ ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន បានលេចជារូបរាងឡើងស្ទើគ្រប់មូលដ្ឋានទាំងអស់ មានទាំងផ្លូវបេតុង ផ្លូវកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហម។

លោកបានអះអាងថា ភាពរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន គឺកើតឡើងដោយការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសដ៍ឆ្នើមបំផុត ដែលបាននាំមកជូនជាតិមាតុភូមិ នូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ជាមួយគ្នានេះ លោក ឡូយ សុផាត បានថ្លែងរំលឹកដល់ប្រជាពលរដ្ឋអំពីស្រមោលអតីតកាលកន្លងទៅ ដែលខេត្តស្ទឹងត្រែងជួបការលំបាកជាខ្លាំង ដោយសារគ្មានផ្លូវ គ្មានស្ពាន ធ្វើឲ្យប្រឈមនូវការលំបាកគ្រប់យ៉ាង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានស្ថាបនាជាជំហ៊ានៗ រហូតមានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋទូទាំងខេត្តជាបន្តបន្ទាប់ក្នុងគោលដៅតែមួយ គឺកាត់បន្ថយគម្លាតរវាងជនបទ និងទីប្រជុំជន ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនមានភាពល្អប្រសើ និងសេដ្ឋកិច្ចមានភាពរីកចម្រើន។

សូមបញ្ជាក់ថា ផ្លូវដែលអាជ្ញាធរក្រុងស្ទឹងត្រែង បើកការដា្ឋនជួសជុលមូលនិធិសង្កាត់ព្រះបាទ ឆ្នាំ២០២៣ នាពេលនេះជាផ្លូវគ្រួសប្រហមប្រវែង ៤,៦៨០ម៉ែត្រ ទទឹង៦ម៉ែត្រ លូទោលកាត់ផ្លូវមុខកាត់១ម៉ែត្រ និងមុខកាត់ ០.៦០ម៉ែត្រ ប្រវែង១០ម៉ែត្រ ចំនួន៧កន្លង ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕