(ព្រៃវែង)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកទឹកចិត្តឲ្យប្រជាកសិករ ប្រែក្លាយខ្លួនពីប្រជាកសិករធម្មតា ទៅជាប្រជាកសិករសហគ្រិន ព្រមទាំងទទួលយកការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការដាំដុះស្រូវ ដើម្បីទទួលបានទិន្នផលខ្ពស់ និងរៀបចំផែនការប្រមូលផល។

ការលើកទឹកចិត្ដបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត កៅ ថាច និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំនៃធនាគារ ARDB អញ្ជើញចូលរួមកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ ឈិត ប៊ុនថន ខេត្តព្រៃវែង ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

ការដាក់សម្ពោធឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់វិស័យស្រូវ-អង្ករ។ ឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករក្នុងខេត្តព្រៃវែង សំដៅចូលរួមរក្សាស្ថិរភាពថ្លៃស្រូវ ជាពិសេសក្នុងរដូវប្រមូលផល។

លោកបណ្ឌិត កៅ ថាច បានថ្លែងថា កន្លងមក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុវត្តនូវកម្មវិធីពិសេស របស់រាជរដ្ឋាភិបាល ក្នុងទម្រង់ជាបំណុលពីរាជរដ្ឋាភិបាល ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ តាមរបៀប «សាងសង់-ប្រតិបត្តិការ-និងទូទាត់សំណង» (B.O.P.) ក្នុងគោលដៅរួមចំណែករក្សាស្ថេរភាពថ្លៃស្រូវ និងលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាកសិករ។

លោកបន្តថា ដើម្បីរួមចំណែកបង្កើនសមត្ថភាពក្នុងខ្សែច្រវាក់តម្លៃនៃវិស័យស្រូវ-អង្ករ ជាពិសេសសមត្ថភាពផលិតកម្មស្រូវ ឃ្លំាងស្តុក ឡសម្ងួតស្រូវ និងការកិនកែច្នៃស្រូវអង្ករ ប្រកបដោយភាពប្រកួតប្រជែង និងស្ថិរភាព ធនាគារ ARDB បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ជាពិសេស សហព័ន្ធស្រូវអង្ករកម្ពុជា បណ្តារោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកិនកែច្នៃ និងនាំអង្ករចេញ សហគមន៍កសិកម្ម និងកសិករ ដែលជាអ្នកផលិតស្រូវ សំដៅបំពេញនូវតម្រូវការ ហិរញ្ញប្បទានជាទុនវិយោគ ដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ដូចជា៖ ការសាងសង់ឃ្លាំងស្តុកស្រូវ ឡសម្ងួតស្រូវ គ្រឿងម៉ាស៊ីនកិនស្រូវ និងជាទុនបង្វិលសម្រាប់ប្រមូលទិញស្រូវស្តុកទុក ជាចម្បងបម្រើឲ្យការកិនកែច្នៃស្រូវអង្ករ សម្រាប់ការនាំចេញ។

លើសពីនោះទៀត ព្រមទំាងការងារពង្រីក ការតភ្ជាប់រវាងរោងម៉ាស៊ីនកិនស្រូវ ជាមួយសហគមន៍កសិកម្ម ឬប្រជាកសិករ តាមរយៈកិច្ចសន្យាផលិតកម្មកសិកម្ម ក្នុងគោលដៅបង្កើតទីផ្សារ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃស្រូវ និងការជំរុញការនំាចេញអង្ករជាបន្តបន្ទាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិត កៅ ថាច។

លោក ឈិត ប៊ុនថន ម្ចាស់រោងម៉ាស៉ីនកិនស្រូវ ឈិត ប៊ុនថន ខេត្តព្រៃវែង បានឲ្យដឹងថា ការវិនិយោគរោងម៉ាស៉ីនកិនស្រូវនេះឡើង ដោយសារតែលោកចង់ចូលរួមចំណែកជួយដល់វិស័យស្រូវអង្ករ នៅក្នុងខេត្តព្រៃវែង។

លោកបន្ដថា បច្ចុប្បន្នខេត្តនេះ មានអំណោយផលខ្ពស់ លើផលិតកម្មដំណាំស្រូវ ទាំងស្រូវរដូវប្រាំង និងស្រូវរដូវវស្សា ជាខេត្តផលិតបានបរិមាណផលស្រូវ សរុបច្រើនជាងបណ្តាខេត្តនានា ដែលនៅក្នុង១ឆ្នាំៗ ផលិតបាន បរិមាណផលស្រូវចំនួនជាង១.៥លានតោន និងបរិមាណស្រូវនៅសល់ សម្រាប់នាំចេញជាង១លានតោន។

ការផលិតស្រូវរបស់កសិករនាពេលបច្ចុប្បន្ន គឺផលិតសម្រាប់លក់ទៅទីផ្សារ ហើយស្រូវដែលកសិករផលិតភាគច្រើន លក់ឲ្យឈ្មួញកណ្តាលនាំចេញទៅប្រទេសជិតខាង បើតាមការកត់ត្រាក្រៅផ្លូវការ នៅក្នុងឆ្នាំ២០២២កន្លងមកនេះ ការនាំស្រូវចេញទៅប្រទេសវៀតណាម តាមច្រកទ្វារខេត្តព្រៃវែង មានបរិមាណជាង១.៦លានតោន។

លោក ឈិត ប៊ុនថន បានបន្ដទៀតថា រោងម៉ាស៉ីនកិនស្រូវនេះ នឹងចូលរួមចំណែកមួយផ្នែក ក្នុងការកាត់បន្ថយការនាំចេញទៅកាន់ប្រទេសជិតខាង ប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ។

សូមបញ្ជាក់ថា រោងម៉ាស៉ីនកិនស្រូវ ឈិតប៊ុនថន មានឃ្លាំងស្តុកស្រូវទំហំ ៥០,០០០តោន និងឡសម្ងួតដែលមានសមត្ថភាពសម្ងួតស្រូវ ១,៥០០តោន ក្នុងមួយថ្ងៃ។

បច្ចុប្បន្ននេះ នៅខេត្តព្រៃវែង មានរោងម៉ាស៊ីនកិនស្រូវចំនួន៦កន្លែង ដែលបាននិងកំពុងដំណើការនៅក្នុង១ឆ្នាំ រោងម៉ាស៊ីនកិនស្រូវទាំង៦នេះ អាចមានសមត្ថភាពប្រមូលទិញស្រូវបានចំនួន៣០២,៨០០តោន ដែលបានកែច្នៃផលិតអង្ករ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេស ហើយនៅក្នុងនោះ មានរោងម៉ាស៊ីនកិនស្រូវចំនួន៣ ដែលម៉ាស៊ីនកិនស្រូវ មានសម្ថភាពអាចច្នៃជាអង្ករសម្រាប់ផ្គត់ផ្គង់នាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ៕