(ត្បូងឃ្មុំ)៖ ដោយមានភាពជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោជាប្រមុខ ដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យតាមគន្លងប្រជាធិបតេយ្យ យ៉ាងពិតប្រាកដធ្វើឳ្យប្រជាពលរដ្ឋ ពិសេសយុវជនឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ៧៤៦ នាក់ បានស្ម័គ្រចិត្តចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខណៈពិធីប្រកាស និងបញ្ជូលសមាជិក សមាជិការជាយុវជននេះបានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែក ក្រោមអធិបតីភាពឯកឧត្តម វង សូត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ។

នៅក្នុងឱកាសនោះ លោក វង សូត មានប្រសាសន៍លើកឡើងថា ជាការពិតរយៈពេលជាង៤០ ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិឳ្យរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព ក្នុងនោះតែងយកចិត្តទុកដាក់យ៉ាងខ្លាំងពីសុខទុករបស់ប្រជាជន ជាក់ស្តែងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ បានចំណាយថវិកាយ៉ាងច្រើនទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ចាក់ជូនប្រជាជនដោយមិនគិតថ្លៃ ក្នុងនោះប្រជាជនដែលងាយរងគ្រោះក៏ត្រូវបានផ្តល់ប្រាក់ឧបត្ថមជាប្រចាំដើម្បីសម្រួលដល់ ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ។

ក្រៅពីនោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់បម្រើផលប្រយោជន៍ប្រជាជន ដូចជាផ្លូវថ្នល់ មន្ទីពេទ្យ សាលារៀន ជាដើមគឺមានច្រើន កាន់តែជិតប្រជាជន ដែលកត្តាទាំងនេះហើយទើបប្រជាជននៅតែផ្តល់សេចក្តីទុកចិត្តបន្តគាំទ្រគណបក្សប្រជាជនកម្ពុជារហូតមក ។

តំណាងសមាជិកថ្មីទាំង ៧៤៦ នាក់បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជា១គត់ ដែលបានដឹកនាំប្រទេសឳ្យរីកចំរើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព ជាមួយនឹងគោលនយោបាយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ពិសេសមានប្រមុខដឹកនាំដ៏ឆ្លាតវៃ នោះគឺសម្តេចតេជោ ហ៊ុន សែន  ទើបយើងខ្ញុំទាំងអស់គ្នាស្ម័គ្រចិត្តមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានគោលនយោបាយត្រឹមត្រូវ សច្ចៈ យុត្តិធ៌ម ប្រជាធិបតេយ្យ សុខុមាលភាពសង្គម សមធ៌ម និងមិនមានការរើសអើង ពិសេសដឹកនាំនាវាកម្ពុជាបានសុខសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចេរភាព ។

 លោកប្រធាន បានឲ្យដឹងថា ដោយផ្អែកលើអំពើល្អរបស់មន្រ្តីគណបក្សជាបន្តបន្ទាប់កន្លងមក ពិសេសការដឹកនាំដ៏ត្រឹមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ដែលធ្វើឳ្យប្រទេសមានសុខសន្តិភាព ជីវភាពប្រជាពលរដ្ឋប្រសើរឡើងពី១ថ្ងៃទៅមួយថ្ងៃ ទើបប្រជាពលរដ្ឋកាន់តែមានភាពជឿជាក់ ពិសេសយុវជន ជាក់ស្តែងប្រជាពលរដ្ឋ ពិសេសយុវជនចំនួន៧៤៦ នាក់នៅឃុំត្រពាំងផ្លុងបានសម្រេចគាំទ្រ និបចូលរួមក្នុងជីវភាពនយោបានជាមួយគណបក្សប្រជាជនកម្ពុជា។

លោក វង សូត ថ្លែងបន្តថានៅថ្ងៃទី២៣ ខែ កក្កដាឆ្នាំ២០២៣ខាងមុខនេះគឺជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ សម្រាប់ជ្រើសរើសមេដឹកនាំប្រទេសបន្ត៥ ឆ្នាំទៀត ដែលហៅថាបោះឆ្នោតថ្នាក់ជាតិ។

ដូច្នេះសូមសមាជិកសមាជិកា ទាំងថ្មីទាំងចាស់សូមអញ្ជើញទៅបោះឆ្នោតឱ្យបានទាំងអស់គ្នា ដោយបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យសម្តេចតេជោបន្ត រក្សាការពារ នូវសុខសន្តិភាព និងការអភិវឌ្ឍ ប្រទេសកម្ពុជាឱ្យបានគង់វង្ស និងរីកចម្រើនបន្តទៀត។